ក្រុមហ៊ុន Toyota ប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញយ៉ាងគំហុក ដោយសារកង្វះខាតបន្ទះឈីប

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Toyota Motor Corp របស់ប្រទេសជប៉ុន បានធ្វើការប្រកាសអំពីការធ្លាក់ចុះប្រាក់ចំណេញរបស់ខ្លួន រហូតដល់ទៅ ២៥% នៅពេលដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់ពិភពលោកមួយនេះ កំពុងប្រឈមមុខជាមួយនឹងបញ្ហាកង្វះបន្ទះឈីប ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ប្រាក់ចំណេញសម្រាប់ត្រីមាសទី ៣ របស់ក្រុមហ៊ុន Toyota នៅឆ្នាំនេះ បានធ្លាក់ចុះដល់ចំនួន ៥៦២,៧ ពាន់លានយ៉េន (៣,៧៩ ពាន់លានដុល្លារ) ដែលជាចំនួនទាបជាងការប៉ាន់ស្មានជាមធ្យម ៧៧២,២ ពាន់លានយ៉េន ។

យោងតាមប្រធានផ្នែកទិញរបស់ក្រុម Toyota លោក Kazunari Kumakura បាននិយាយថា ៖ “ខ្ញុំមិនដឹងថាតើពេលណាបញ្ហាកង្វះបន្ទះឈីប នឹងត្រូវបានដោះស្រាយនោះទេ។ យើងបានព្យាយាមគេចចេញពីដំណាក់ដ៏អាក្រក់បំផុត ប៉ុន្តែវានៅតែជាស្ថានភាពមួយ ដែលយើងមិនទទួលបានការផ្គត់ផ្គង់ពេញលេញនោះឡើយ ” ។

ជម្រាបជូនផងដែរថា នេះគឺជាការធ្លាក់ចុះនៃប្រាក់ចំណេញសម្រាប់ត្រីមាសទី ៤ ជាប់ៗគ្នាហើយ របស់ក្រុមហ៊ុន Toyota បន្ទាប់ពីពួកគេ បានសម្រេចចិត្តកាត់បន្ថយគោលដៅផលិតកម្មម្តងហើយម្តងទៀត បើទោះបីជាក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ នៅតែស្ថិតនៅក្នុងស្ថានភាពល្អប្រសើជាងដៃគូប្រកួតប្រជែងជាច្រើនផ្សេងទៀត នៅក្នុងការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់របស់ខ្លួនក៏ដោយ ។

លើសពីនេះ លោក Kumakura បានបង្ហាញទៀតថា មូលហេតុដែលក្រុមរបស់ខ្លួន ខ្វះខាតបន្ទះឈីប គឺដោយសារតែក្រុមហ៊ុនផលិតបន្ទះឈីប បានផ្តល់អាទិភាពជាចម្បងទៅលើការផ្គត់ផ្គង់ដល់ទំនិញអេឡិចត្រូនិកផ្សេងទៀត ដូចជាស្មាតហ្វូន និងកុំព្យូទ័រជាដើម នៅពេលដែលរោងចក្រផលិតបន្ទះឈីប ក៏កំពុងទទួលរងផលរំខាន ដោយសារគ្រោះធម្មជាតិ និងការបិទខ្ទប់នៃជំងឺកូវីដ-១៩ ថែមទៀតផង ៕