ស្ថិតិទិញមាសសរុបរបស់ធនាគារកណ្ដាលប្រចាំប្រទេសនីមួយៗ បានកើនដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលប្រមាណ ៥៥ ឆ្នាំចុងក្រោយ គិតតាំងពីឆ្នាំ ១៩៦៧ មកម៉្លេះ។

យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា គិតត្រឹមចុងត្រីមាសទី ៣ ឆ្នាំ ២០២២ តម្រូវការមាសបានកើនឡើង ២៨% បើធៀបនឹងឆ្នាំទៅ រហូតដល់ ១ ១៨១ តោន។
ដោយឡែក មូលហេតុចំបងដែលធ្វើឲ្យមាសទទួលបានការបញ្ជាទិញច្រើន គឺដោយសារប្រជាពលរដ្ឋភ័យខ្លាច នឹងវិបត្តិអតិផរណាដែលប្រទេសជាច្រើនទូទាំងសកលលោកកំពុងប្រឈមមុខជាមួយ។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយក្រុមប្រឹក្សាមាសពិភពលោក ហៅកាត់ WGC។

ក្នុងចំណោមនោះ ប្រទេសដែលទិញមាសច្រើនបំផុតឆ្នាំនេះគឺ តួកគី ដែលប្រមូលទិញមាសបានប្រហែល ៣១,១៧ តោន ខណៈ Uzbekistan ជាប់លេខ ២ ទិញបាន ២៦,១៣ តោន និងឥណ្ឌាប្រមូលទិញបាន ១៧,៤៦ តោន៕