ភូមិគ្រឹះមួយខ្នងនៅទីក្រុងហុងកុង ដែលគេដឹងថាជាកម្មសិទ្ធរបស់ប្រធានក្រុមហ៊ុន China Evergrande Group ដែលមានទីតាំងនៅតំបន់ The Peak ត្រូវបានរឹបអូសដោយធនាគារ China Construction Bank។ នេះបើតាមការចុះផ្សាយពីកាសែតក្នុងស្រុក HK01។

យ៉ាងណា ប្រភពខាងលើមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការរឹបអូសភូមិគ្រឹះទំហំជិត ៥០០ ម៉ែត្រការ៉េ និងមានតម្លៃប្រមាណ ៧០០ លានដុល្លារហុងកុង ឬ ៨៩ លានដុល្លារអាមេរិក។
មូលហេតុជុំវិញការរឹបអូសនេះ ទំនងជា Evergrande មិនមានលទ្ធភាពសងបំណុលធនាគារដែលធ្លាប់ខ្ចីលុយប្រមាណ ៣០០ លានដុល្លារហុងកុងកាលពីឆ្នាំទៅ ដើម្បីដោះស្រាយបញ្ហាមួយគ្រា និងបានយកប្លង់ភូមិគ្រឹះនេះជាទ្រព្យបញ្ចាំ។

ដោយឡែក នាយកដ្ឋានចុះបញ្ជីដីធ្លីនៅហុងកុងក៏បានបញ្ជាក់ដែរថា ប្លង់ភូមិគ្រឹះមួយខ្នងនោះ ពិតជាបានដាក់បញ្ចាំនៅធនាគារ CCB ពិតមែន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួននៃទឹកប្រាក់ដែលបានខ្ចីពិតប្រាកដឡើយ។
ជុំវិញបញ្ហាមួយនេះ Evergrande និងប្រធានក្រុមហ៊ុនមិនទាន់ចេញមុខបកស្រាយនៅឡើយទេ៕