ហុងកុង ប្រកាសត្រៀមខ្លួនរួចស្រេច ក្នុងការចូលរួមជាសមាជិក RCEP នៅដើមឆ្នាំក្រោយ

អន្តរជាតិ

យោងតាមមេដឹកនាំទីក្រុង លោក John Lee Ka-chiu បាននិយាយថា ហុងកុង នឹងចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាប្លុកពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយក្នុងពិភពលោក និងមានប្រទេសជាសមាជិកចំនួន ១៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅអំឡុងពេលថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលហុងកុង-អាស៊ានឆ្នាំ ២០២២ ដែលរៀបចំឡើងដោយកាសែតចិន South China Morning Post លោក Lee បាននិយាយថា នឹងមានការពិភាក្សាសំខាន់ៗ ជាមួយប្រទេសជាសមាជិករបស់ RCEP ហើយវានឹងត្រូវកំណត់ធ្វើឡើង នៅដើមឆ្នាំក្រោយ ស្របពេលលោកមានជំនឿចិត្តថា ហុងកុងនឹងអាចចូលរួមចំណែកយ៉ាងច្រើន ទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ ស្របពេលបណ្តាប្រទេសទាំង ១០ នៅតំបន់អាស៊ាន ដែលជាសមាជិក RCEP ដំបូង ក៏បានបើកដៃស្វាគមន៍ហុងកុង ផងដែរ ។​

“ យើងអាចបន្ថែមតម្លៃដ៏ធំសម្បើម ដល់ RCEP ជាមួយនឹងការផ្តល់តួនាទី មិនអាចប្រៀបផ្ទឹមបានរបស់យើង ដែលជាស្ពានពាណិជ្ជកម្មរវាងចិនដីគោក និងពិភពលោកទាំងមូល ព្រមទាំងឋាន:របស់យើងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេមួយរបស់ពិភពលោក និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់របស់ប្រទេសចិនផងដែរ ” នេះបើតាមលោក Lee បានលើកឡើង ។

គួរឱ្យដឹងថា អាស៊ានដែលមានសមាជិក ១០ប្រទេស គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ហុងកុង ចាប់តាំងពីឆ្នាំ ២០១០ មក ដោយពាណិជ្ជកម្មទ្វេភាគី បានកើនឡើងលើសពី ១៦០ ពាន់លានដុល្លារកាលពីឆ្នាំមុន ។

ជម្រាបជូនផងដែរថា RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានដាក់ឱ្យចូលជាធរមាន ក្នុងខែមករា ឆ្នាំ ២០២២ ក្រោយពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ដោយប្រទេសសមាជិកអាស៊ាន និងប្រទេសមិនមែនអាស៊ានចំនួន ៥ ផ្សេងទៀត រួមមានប្រទេសជប៉ុន អូស្ត្រាលី នូវែលសេឡង់ កូរ៉េខាងត្បូង និងចិន។

បញ្ជាក់ទៀតថា RCEP គ្របដណ្តប់ប្រហែល ២៨% នៃពាណិជ្ជកម្មអន្តរជាតិ ជិត ៣០% នៃចំនួនប្រជាជនពិភពលោក ជាង ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) ជាសកល និងជិត ៣០% នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសកល ៕