ប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងមានវត្តមានសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ដែលមានកម្ពុជាជាម្ចាស់ផ្ទះ ក្នុងនាមជាភ្ញៀវកិត្តិយស នៅថ្ងៃទី ១២ និង ១៣ វិច្ឆិកា។ នេះបើតាមការចុះផ្សាយពី Reuters។

ប្រភពដដែលក៏បានបន្ថែមថា មុនមកដល់កម្ពុជា មេដឹកនាំអាមេរិកក៏នឹងត្រូវចូលរួមអង្គប្រជុំសំខាន់មួយទៀតនៅប្រទេសអេហ្ស៊ីប នោះគឺកិច្ចប្រជុំស្ដីពីបម្រែបម្រួលអាកាសធាតុ រៀបចំឡើងដោយអង្គការសហប្រជាជាតិ COP27 United Nations។

កិច្ចប្រជុំមួយនេះគឺចាប់ធ្វើពីថ្ងៃទី ០៦ រហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ហើយប្រធានាធិបតីអាមេរិក ចូលរួមតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី ១១ វិច្ឆិកា ហើយលោកនឹងស្រូតធ្វើដំណើរមកកម្ពុជាឲ្យទាន់កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី ១២ និង ១៣ វិច្ឆិកា។

សារព័ត៌មាន Reuters ក៏បានអះអាងទៀតថា បន្ទាប់ពីបំពេញភារកិច្ចជាភ្ញៀវកិត្តិយសសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លោក ចូ បៃឌិន ក៏នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំ G20 ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៦ វិច្ឆិកាទៀតផង៕