យោងតាមក្រុមមន្ត្រីរបស់ប្រទេសស្រីលង្កា បាននិយាយកាលពីថ្ងៃសុក្រថា ឧស្សាហកម្មតែ នៅក្នុងប្រទេសរបស់ខ្លួន នៅតែអាចរកប្រាក់ចំណូលបាន ១,៤ ពាន់លានដុល្លារ នៅឆ្នាំ ២០២២ នេះ បើទោះបីជាផលិតកម្មបានធ្លាក់ចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានអស់រយ:ពេលជាច្រើនទស្សវត្ស និងកង្វះខាតជីកសិកម្មក្តី ។
ស្រីលង្កា បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត នៅឆ្នាំនេះ ដោយសារតែទុនបម្រុងបរទេសបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដែលជាហេតុធ្វើឱ្យប្រជាជនប្រមាណ ២២ លាននាក់ ជួបប្រទះការលំបាកខ្លាំង ក្នុងការចំណាយទៅលើការនាំចូលទំនិញសំខាន់ៗ រួមទាំងប្រេងឥន្ធន: ស្បៀងអាហារ ហ្គាស និងថ្នាំពេទ្យជាដើម ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Roshan Rajadurai ដែលអ្នកនាំពាក្យសមាគមអ្នកដាំតែនៅស្រីលង្កា បាននិយាយថា ឧស្សាហកម្មនេះ បានទទួលអត្ថប្រយោជន៍ពីការធ្លាក់តម្លៃរូបិយប័ណ្ណ ដែលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុ និងការកើនឡើងតម្លៃទំនិញសកល ហើយវាបានធ្វើឱ្យប្រទេសរបស់ខ្លួនទទួលបានប្រាក់ចំណូលរហូតដល់ ១,៤ ពាន់លានដុល្លារ ពីការនាំចេញតែ នៅឆ្នាំនេះ ។
មិនតែប៉ុណ្ណោះ ប្រាក់ចំណូលពីការនាំចេញតែនេះ ក៏បានចូលរួមចំណែកដ៏សំខាន់ ក្នុងការជំរុញដល់ទុនបម្រុងបរទេសរបស់ស្រីលង្កាឡើងវិញផងដែរ បន្ទាប់ពីបានធ្លាក់ចុះមកនៅត្រឹមតែ ១,៧ ពាន់លានដុល្លារ គិតត្រឹមចុងខែតុលា ។
លើសពីនេះ លោក Roshan បានបន្ថែមទៀតថា គោលដៅប្រាក់ចំណូល ក្នុងការនាំចេញតែ សម្រាប់ឆ្នាំ ២០២៣ ខាងមុខ នឹងនៅតែស្ថិតក្នុងចន្លោះពី ១,៤ ពាន់លានដុល្លារ ទៅ ១,៥ ពាន់លានដុល្លារ បន្ទាប់ពីឧស្សាហកម្មនេះ អាចផ្តល់ប្រាក់ចំណូលដល់ស្រីលង្កាបាន ១,៣ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១ ។
បើតាមទិន្នន័យចុងក្រោយបំផុតពីក្រុមប្រឹក្សាភិបាលតែស្រីលង្កាបានបង្ហាញថា អ៊ីរ៉ាក់ រុស្ស៊ី និងអារ៉ាប់រួម គឺជាទីផ្សារនាំចូលកំពូលសម្រាប់តែ ប្រភេទ Ceylon ពីស្រីលង្កា ៕