កាលពីរសៀលថ្ងៃទី ០៩ វិច្ឆិកាកន្លងទៅ ព្រះមហាក្សត្រនៃប្រទេសព្រុយណេដារ៉ូសាឡឹម ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ បានយាងមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ពីថ្ងៃទី ១០ ដល់ទី ១៣ ខែវិច្ឆិកា ២០២២។

សម្រាប់ការធ្វើដំណើរមកកម្ពុជាសារនេះវិញ ទ្រង់បានបើកយន្តហោះផ្ទាល់ព្រះអង្គ ជាមួយបុត្រាមួយអង្គ ព្រះនាម ព្រះអង្គម្ចាស់ Abdul Mateen ខណៈយន្តហោះដែលទ្រង់បានបើកមកដោយផ្ទាល់ព្រះអង្គ គឺជាយន្តហោះកម្រមួយមិនសូវមានអ្នកបើកក្នុងពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពី SCMP។

ប្រភពដដែលបន្ថែមថា យន្តហោះដែលព្រះមហាក្សត្របានបើកមកនោះ ជាប្រភេទ Boeing 767 គឺមិនសូវមានអ្នកប្រើប្រាស់ទូលាយឡើយ ខណៈតម្លៃវិញគឺមិនត្រូវបានទម្លាយដូចគ្នា គ្រាន់តែថា អ្វីដែលគ្រប់គ្នាដឹង គឺទ្រង់ជាម្ចាស់នៃយន្តហោះផ្ទាល់ខ្លួនដែលមានតម្លៃថ្លៃបំផុតលើលោក។




យន្តហោះផ្ទាល់ខ្លួនដែលត្រូវបានចាត់ទុកថាថ្លៃបំផុតនោះ ជាប្រភេទ Boeing 747-400 ដែលមានតម្លៃប្រមាណ ១០០ លានដុល្លារ ប៉ុន្តែត្រូវបានទ្រង់យកមកកែលំអទាំងរចនាបថខាងក្នុង និងក្រៅ ស្រោបដោយមាសផង រហូតធ្វើឲ្យតម្លៃយន្តហោះមួយគ្រឿងនេះឡើងដល់ជិត ៤០០ លានដុល្លារ និងទទួលបានរហស្សនាមថា “The Floating Palace” ថែមទៀតផង។

ក្រៅពីមានយន្តហោះផ្ទាល់ព្រះអង្គជាច្រើនគ្រឿង ព្រះមហាក្សត្រអង្គនេះក៏ត្រូវបានគេដឹងថា ជាអ្នកនិយមចូលចិត្តសន្សំរថយន្តផងដែរ រហូតលឺចចាមអារ៉ាមថា ទ្រង់មានរថយន្តទំនើបនៅឃ្លាំងប្រមាណ ៧ ០០០ គ្រឿងឯណោះ ដែលមានដូចជា Roll Royces ៦០០ គ្រឿង Ferraris ៤៥០ គ្រឿង និង Bentleys ៣៥០ គ្រឿង និងរថយន្តកម្រផ្សេងៗទៀត៕