ចិនកើបលុយជាង ៣០០ ពាន់លានដុល្លារ ពីការធ្វើពាណិជ្ជកម្មជាមួយអាមេរិក

អន្តរជាតិ

កាលពីឆ្នាំ ២០២១ ទំហំ​សេដ្ឋកិច្ច​នៃ​សហរដ្ឋអាមេរិក​បាន​កើនឡើង ៥,៧% ជាការកើនឡើង​លឿន​បំផុត​តាំងពី​ឆ្នាំ ១៩៨៤ បន្ទាប់​ពី​មហាអំណាច​មួយ​នេះ​ទទួល​រង​ឥទ្ធិពល​អាក្រក់​ ដោយសារ​ជំងឺ​រាតត្បាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំណើនសេដ្ឋកិច្ច​ឆ្នាំ​ទៅ ជួយ​អាមេរិក​បង្កើតកំណត់ត្រា​ថ្មីមួយ គឺ​ការនាំចេញ​ទំនិញ​កើនឡើង​ដល់ចំណុចខ្ពស់​បំផុត​មិនធ្លាប់​មាន ១,៨ ទ្រីលានដុល្លារ ប៉ុន្តែឱនភាពពាណិជ្ជកម្ម​វិញ​បាន​កើនពី ៩២២ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២០ ឡើង​ដល់ ១,១ ទ្រីលាន​ដុល្លារ​នៅ​ឆ្នាំ ២០២១។

ដោយឡែក ប្រទេស​ដែល​អាមេរិក​ចាត់ទុក​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​វិញ​មាន​ដូចជា កាណាដា ម៉ិកស៊ិក និង​ចិន ដែល​ក្ដោបក្ដាប់​ការធ្វើ​ពាណិជ្ជកម្ម​សរុប​ប្រចាំ​ឆ្នាំ​របស់​អាមេរិក​ប្រមាណ ៤១% ប៉ុន្តែ​ក្នុង​ចំណោម​នោះ ចិន​ទទួល​ផល​ចំណេញ​ច្រើនជាងគេ។

ប្រភពរូបភាព៖ Visualcapitalist

យោងតាម​ការ​ចុះផ្សាយ​ពី Visualcapitalist បាន​បង្ហាញថា អាមេរិក​នាំចូល​ទំនិញ​ពី​កាណាដា ៣៥៧,២ ពាន់​លាន​ដុល្លារ និង​នាំចេញ​ទៅ​វិញ ៣០៧,៦ ពាន់​លាន​ដុល្លារ ដូច្នេះ​កាណាដា​ចំណេញ​បាន​ជិត ៥០ ពាន់​លាន​ដុល្លារ។

រីឯ​ម៉ិកស៊ិក​វិញ នាំចូល​ទំនិញ​មក​សហរដ្ឋអាមេរិក​ប្រមាណ ៣៨៤,៧ ពាន់​លាន​ដុល្លារ និង​នាំ​ទំនិញ​ចូល​ប្រទេស​វិញ​តែ ២៧៦,៥ ពាន់​លាន​ដុល្លារ ចំណេញ​ជាង ១០៨ ពាន់​លាន​ដុល្លារ ខណៈ​ចិន​កើប​លុយ​ច្រើនជាង​គេ ពោល​នាំចូល​ទំនិញ​មក​សហរដ្ឋអាមេរិក​ប្រមាណ ៥០៦ ពាន់​លាន​ដុល្លារ តែ​នាំចេញ​ពី​អាមេរិក​ទៅ​វិញ​តែ ១៥១ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​នេះ​មានន័យថា ចិន​កើបលុយ​បាន​ជាង ៣៥៥ ពាន់​លាន​ដុល្លារ ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​កាលពី​ឆ្នាំ ២០២១៕