ការនាំចេញរបស់អ៊ុយក្រែន បច្ចុប្បន្នកំពុងជួបបញ្ហាមួយចំនួនដោយសារ ការមិនចុះសម្រុងជាមួយរុស្ស៊ី លើកិច្ចព្រមព្រៀងសន្តិភាពនៃការប្រើប្រាស់ដែនសមុទ្រសម្រាប់ការធ្វើពាណិជ្ជកម្ម។

យ៉ាងណា គិតតែក្នុងខែតុលា អ៊ុយក្រែនក៏នៅតែអាចរកចំណូលបានប្រហែល ៣,៨ ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅលើទីផ្សារអន្តរជាតិផងដែរ ដោយក្នុងនោះទឹកប្រាក់ប្រហែល ២,៥ ពាន់លានដុល្លារ បានមកពីទីផ្សារនៅតំបន់អឺរ៉ុប។
បើទោះជាអាចរកចំណូលបានជិត ៤ ពាន់លានដុល្លារនៅក្នុងខែតុលាក្ដី ប៉ុន្តែអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានបង្ហើបថា វានៅតិចជាងខែកញ្ញាដល់ទៅ ៨,២% ឯណោះ ស្របពេលការនាំចេញលោហធាតុក៏មានការធ្លាក់ចុះដូចគ្នា។

សូមជម្រាបដែរថា ទំនិញនាំចេញសរុបនៅខែតុលារបស់អ៊ុយក្រែន មានប្រមាណ ៩,២ លានតោន ខណៈទំនិញ ៣ មុខនាំចេញច្រើនជាងគេមាន ស្រូវសាលី ១,៩៦ លានតោន ពោត ២,២ លានតោន និងផ្កា Rapeseed ដែលជាដំណាំសម្រាប់យកមកចម្រាញ់ជាប្រេង ប្រមាណ ០,៦៧ លានតោន៕