ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន មិនអាចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ដោយផ្ទាល់តាមការអញ្ជើញពីកម្ពុជា ដែលជាម្ចាស់ផ្ទះឡើយ ហើយជំនួសមកវិញលោកនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេស Sergey Lavrov ដោយដឹកនាំគណៈប្រតិភូមកចូលរួមជំនួសវិញ។

ថ្វីបើថ្នាក់ដឹកនាំរុស្ស៊ី មិនអាចចូលរួមកិច្ចប្រជុំកំពូលអាស៊ានមែន ប៉ុន្តែប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ G20 ឆ្នាំនេះ និងជាប្រធានអាស៊ានឆ្នាំក្រោយ បានបង្ហើបថា លោក ពូទីន ទំនងអាចចូលរួមអង្គប្រជុំ G20 តាមរយៈអ៊ីនធឺណិត បើសិនជាស្ថានការណ៍គ្មានការប្រែប្រួល។ នេះបើតាមការចុះផ្សាយពី Reuters។

យោងតាមការសម្ភាសន៍រវាងលោក Joko និងសារព័ត៌មាន Financial Times បានបង្ហើបថា ឥណ្ឌូណេស៊ីស្វាគមន៍រុស្ស៊ីជានិច្ច សម្រាប់កិច្ចប្រជុំកំពូលមួយនេះ បើទោះជាពួកគេទទួលបានគំនាបខ្លាំងពីមហាអំណាចលោកខាងលិចក្ដី។

សូមជម្រាបដែរថា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំ G20 ឥណ្ឌូណេស៊ីប្រកែកដាច់អហង្ការពីការដាក់សំពាធពីមហាអំណាចលោកខាងលិច ក្នុងការរារាំងមិនឲ្យរុស្ស៊ីចូលរួមអង្គប្រជុំ ខណៈឥណ្ឌូណេស៊ីអះអាងថា G20 ជាកិច្ចប្រជុំស្ដីពីសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ដែលមិនពាក់ព័ន្ធជាមួយនយោបាយ។

គួសរំលឹកបន្ថែមថា ឥណ្ឌូណេស៊ីក៏បានអញ្ជើញលោក Vlodymyr Zelenskyy មកចូលរួមកិច្ចប្រជុំ G20 ផងដែរ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែននិយាយថា បើសិនជាមានវត្តមានពូទីននៅកិច្ចប្រជុំនេះ លោកនឹងមិនចូលរួមជាដាច់ខាត៕