កម្ពុជា បានស្នើសុំហ្វីលីពីនក្នុងការបង្កើនការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន ក៏ដូចជាជួយបង្កើនការវិនិយោគនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ នេះបើតាមការចុះផ្សាយពី Kampuchea Presse។

ប្រភពដដែលបន្ថែមថា សំណើខាងលើនេះគឺធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ទៅកាន់រដ្ឋលេខាធិការក្រសួងការបរទេស Enrique Manalo កាលពីថ្ងៃទី ០៩ វិច្ឆិកា មុនបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១។

ក្រៅពីនោះ កម្ពុជាក៏ណែនាំឲ្យមានការបង្កើនចំនួនជើងហោះហើរត្រង់ពីរវាងទីក្រុង Manila និងទីក្រុងភ្នំពេញ ហើយបើសិនជាអាចចង់បន្ថែមជើងហោះហើរត្រង់រវាងទីក្រុង Cebu និងទីក្រុងសៀមរាបទៀតផង។

ប្រទេសទាំងពីរក៏បានពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជំរុញកិច្ចពិភាក្សាស្តីពីការជៀសវាងការយកពន្ធទ្វេរដង។

សូមជម្រាបដែរថា កន្លងមកហ្វីលីពីនភាគច្រើននាំចូលអង្ករពីសមាជិកអាស៊ានផ្សេងទៀតដូចជា វៀតណាម មីយ៉ាន់ម៉ា និងថៃជាដើម ហើយរយៈពេល ៩ ខែតំបូងឆ្នាំនេះ ស្ថិតិនាំចូលអង្កររបស់ហ្វីលីពីនកើនដល់ជិត ៣ លានតោនឯណោះ៕