នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាជាមួយប្រមុខមេដឹកនាំបីរូប ក្រៅកិច្ចប្រជុំកំពូលអាស៊ាន

អន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីថ្ងៃទី ១០ ខែវិច្ឆិកាកន្លងទៅនេះ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh ក៏ដូចជាប្រធានាធិបតីហ្វីលីពីន Ferdinand Marcos និងព្រះចៅ Sutan Haji Haasanal Bokiah នៃប្រទេសព្រុយណេផងដែរ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដែលរៀបចំធ្វើឡើង នៅទីក្រុងភ្នំពេញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបានជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Chinh បានប្រាប់ទៅកាន់ភាគីឡាវ អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ដែលអាចរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍរបស់ខ្លួន និងថែមទាំងបានកត់ត្រានូវកំណើនដ៏គាប់ប្រសើរនៅឆ្នាំនេះ បើទោះបីជាមានភាពមិនច្បាស់លាស់ទៅលើបញ្ហាសេដ្ឋកិច្ចជាសកល និងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្តី ។

ជាងនេះទៅទៀតលោក Chinh ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមើលឃើញពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឡាវ ដែលអាចឈានដល់ ១,២២ ពាន់លានដុល្លារ សម្រាប់រយ:ពេល ៩ ខែដំបូង ឆ្នាំ ២០២២ នេះ ពោលគឺបានកើនឡើង ២៤% ក្នុងមួយឆ្នាំៗ ។

ត្រលប់មកវិញ នាយករដ្ឋមន្ត្រីឡាវ លោក Viphavanh ក៏បានអបអរសាទរវៀតណាម ចំពោះសមិទ្ធិផលទាំងឡាយ និងបានថ្លែងអំណរគុណចំពោះប្រទេសនេះ សម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងជំនួយប្រកបដោយប្រសិទ្ធភាពដល់ប្រទេសឡាវ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្សផងដែរ។

ជាចុងក្រោយនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពថា វៀតណាម និងឡាវបានសហការគ្នាយ៉ាងល្អក្នុងឆ្នាំនេះ ជាពិសេសលើការអបអរសាទរខួបលើកទី ៦០ នៃទំនាក់ទំនងការទូតទ្វេភាគី ៤៥ ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម – ឡាវ និងមិត្តភាពវៀតណាម – ឡាវ ឆ្នាំ ២០២២។

នាថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ផងដែរ ហើយប្រមុខមេដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍជាវិជ្ជមាន នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-ហ្វីលីពីន នាពេលថ្មីៗនេះ ។

គួរឱ្យដឹងផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងយ៉ាងខ្លាំង ដោយអាចឈានដល់ ៦,៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ និងជិត ៥,៤ ពាន់លានដុល្លារ សម្រាប់រយ:ពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ នេះ ។

លើសពីនេះ លោក Chinh បានស្នើថា ប្រទេសទាំងពីរ នឹងបន្តបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម រួមទាំងការជួញដូរអង្ករ ហើយពិចារណាដករនាំងពន្ធដែលមិនចាំបាច់ ដើម្បីបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគអំណោយផលសម្រាប់សហគមន៍ធុរកិច្ចទាំងពីរ។

បន្ថែមពីនេះ លោក Marcos ក៏បានយល់ស្របនឹងសំណើរបស់ លោក Chinh ហើយបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការដែនសមុទ្រ សន្តិសុខថាមពល ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង ការអប់រំ-បណ្តុះបណ្តាល ការងារ វប្បធម៌ ទេសចរណ៍ និង ការផ្លាស់ប្តូរមនុស្សទៅមនុស្ស បន្ថែមទៀតផងដែរ។

ដោយឡែក នៅក្នុងជំនួបមួយផ្សេងទៀត ជាមួយព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេ ប្រមុខដឹកនាំទាំងពីរ បានសម្តែងនូវសេចក្តីរីករាយ ចំពោះសន្ទុះនៃការអភិវឌ្ឍជាវិជ្ជមាន នៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ រវាងវៀតណាម-ព្រុយណេ។

មេដឹកនាំប្រទេសទាំងពីរ ក៏បានព្រមបន្តការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ឡើងវិញ ក្នុងពេលឆាប់ៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន ដើម្បីបង្កើតសន្ទុះ សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងទូលំទូលាយ នាពេលខាងមុខ។

ជាមួយគ្នានោះផងដែរ នាយករដ្ឋមន្ត្រីវៀតណាម បានពាំនាំការអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានរដ្ឋសភា លោក Nguyen Xuan Phuc ជូនចំពោះព្រចៅស៊ុលតង់ ដើម្បីមកបំពេញទស្សនកិច្ចនៅវៀតណាម។ តបតាមការអញ្ជើញនេះ ព្រះមហាក្សត្រព្រុយណេ បានបានរំឮកពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់ព្រះអង្គ ចំពោះវៀតណាម ក្នុងដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅកានប្រទេសនេះ ហើយព្រះអង្គក៏បានឆ្លៀតក្នុងឱកាសនេះ ដើម្បីអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាម រៀបចំដំណើរបំពេញទស្សនកិច្ច នៅព្រុយណេ ក្នុងឆ្នាំ ២០២៣ ខាងមុខនេះផងដែរ៕