ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសព្រុយណេ បានឈានដល់ ២០៧៤,១ លានដុល្លារ គិតត្រឹមឆមាសទីមួយឆ្នាំ ២០២២ នេះ ពោលគឺបានកើនឡើងរហូតដល់ ៤៨,៧% ពីចំនួន ១៣៩០ លានដុល្លារ ធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន The Star ។
ការនាំចេញសរុបរបស់ព្រុយណេ បានកើនឡើង ៥១,៩% ដល់ចំនួន ១២៧០ លានដុល្លារ នៅត្រឹមចុងខែឧសភាឆ្នាំនេះ បើធៀបនឹងទឹកប្រាក់ដែលទទួលបាន ៨៣៩,៣ លានដុល្លារ កាលពីឆ្នាំ ២០២១ ។
ជុំវិញការកើនឡើងនេះផងដែរ គឺដោយសារតែទទួលបានការជំរុញយ៉ាងខ្លាំង ពីការនាំចេញឥន្ធន:ហ្វូស៊ីល ដែលមានការកើនឡើងដល់ ៩៩២ លានដុល្លារ ស្របពេលការនាំចេញសារធាតុគីមី ក៏បានកើនឡើងដល់ ២៦២ លានដុល្លារផងដែរ ។
គួរឱ្យដឹងផងដែរថាទីផ្សារសំខាន់ៗ ដែលព្រុយណេបាននាំចេញទំនិញរបស់ខ្លួនទៅនោះ រួមមានអូស្រា្តលី មាន ១៩,៨% តាមពីក្រោយដោយប្រទេសចិន (១៩,១%) និងសិង្ហបុរី ១៥%។ សម្រាប់ទំនិញនាំចេញដ៏ធំបំផុតទៅកាន់អូស្ត្រាលី និងសិង្ហបុរី គឺឥន្ធន:ហ្វូស៊ីល ស្របពេលទំនិញដែលនាំចេញទៅកាន់ប្រទេសចិន គឺសារធាតុគីមី ។
ដោយឡែកសម្រាប់ការនាំចូលរបស់ព្រុយណេ គិតត្រឹមឆមាសទីមួយឆ្នាំនេះ បានកើនឡើងដល់ ៧៩៩,៣ លានដុល្លារ ដែលជាចំនួនកើនឡើងពី ៥៥៥,៣ លានដុល្លារ ធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ។
ទំនិញនាំចូលសំខាន់ៗមានដូចជា ឥន្ធន:ហ្វូស៊ីល មាន ៦២,៥% គ្រឿងម៉ាស៊ីន និងឧបករណ៍ដឹកជញ្ជូន (១០,២%) សារធាតុគីមី (៨,២%) វត្ថុធាតុដើម (៦%) និងអាហារ (៥,៧% ) ។ ខណ:ទីផ្សារផ្គត់ផ្គង់ធំបំផុតរបស់ព្រុយណេ មានដូចជា ប្រទេសម៉ាឡេស៊ី ៣០,៤% បន្ទាប់មកគឺប្រទេសកាហ្សាក់ស្ថាន (១៤,៧%) និងអារ៉ាប៊ីសាអូឌីត (១៣,៣%) ៕