នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ មកដល់ទឹកដីប្រទេសកម្ពុជាហើយ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺភរិយារបស់ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះ ក៏បានអមដំណើរមកជាមួយផងដែរ ។

ជុំវិញការអញ្ជើញមកដល់របស់លោកស្រី Kim kun-hee ដែលជាភិរិយារបស់លោក Yoon Suk-yeol ហាក់បានធ្វើមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោកស្រី ត្រូវបានគេស្គាល់ថាជាស្រ្តីដ៏មានឥទ្ធិពលមួយរូប នៅក្នុងប្រទេសកូរ៉េខាងត្បូង តាមរយ:មុខជំនួញ ក៏ដូចជាជំទាវទីមួយរបស់ប្រទេស។

យ៉ាងណាមិញ ថ្ងៃនេះឧកញ៉ាញូវ សូមលើកយកប្រវត្តិសង្ខេបខ្លះ របស់លោកស្រី Kim Kun-hee មកបង្ហាញឱ្យបានដឹងដូចតទៅ ៖
លោកស្រី Kim Kun-hee បានកើតនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៧២ នៅស្រុក Yangpyeong ប្រទេសកូរ៉េខាងត្បូង ដោយបច្ចុប្បន្ននេះ លោកស្រីមានវ័យ ៥០ ឆ្នាំហើយ។ លោកស្រី Kim គឺជាអ្នកជំនួញដ៏លេចធ្លោបំផុតម្នាក់ ហើយលោកស្រី បានក្លាយជាជំទាវទីមួយរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីស្វាមីរបស់លោកស្រី បានជាប់ឆ្នោតជាប្រធានាធិតីទី ១៣ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ។
ងាកមកមើលប្រវត្តិសិក្សាវិញ លោកស្រី Kim បានចូលរៀននៅវិទ្យាល័យ Myungil Girls’ High School មុនពេលបន្តការសិក្សា នៅសាកលវិទ្យាល័យ Kyonggi ដោយទទួលបានបរិញ្ញាបត្រផ្នែកសិល្ប:។

លើសពីនេះទៅទៀតលោកស្រី Kim បានបន្តចូលរៀននៅសកលវិទ្យាល័យ Sookmyung Women’s University ដែលនៅទីនោះលោកស្រី បានបន្តបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសិល្បៈបន្ថែមទៀត។ នៅក្រោយមក លោកស្រី បានចូលរៀននៅសកលវិទ្យាល័យជាតិ Seoul និងទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ហើយនិងបញ្ចប់ថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Kookmin ផងដែរ ។
ដោយមានដុងខាងសិល្ប: លោកស្រី Kim ធ្លាប់បានធ្វើជាគ្រូបង្រៀននៅសាលាជាច្រើន ហើយបានសម្រេចចិត្តបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Covana Contents នៅក្នុងឆ្នាំ ២០០៧ ដែលជាក្រុមហ៊ុនផលិតមាតិកា និងរៀបចំការតាំងពិព័រណ៌សិល្ប: ហើយបានបម្រើការជានាយកប្រតិបត្តិ និងជាប្រធានចាប់តាំងពីពេលនោះមក ។
ជុំវិញការបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនេះ លោកស្រី Kim បាននិយាយថាទៅកាន់បទសម្ភាសមួយ នៅឆ្នាំ ២០១៥ ថា “តាំងពីខ្ញុំនៅក្មេង ខ្ញុំចាប់អារម្មណ៍លើសិល្ប:ខ្លាំងណាស់។ ខ្ញុំចង់ផ្សព្វផ្សាយពិតម្លៃនៃសិល្ប:” ។ ក្នុងនោះ ក្រុមហ៊ុនរបស់លោកស្រី Kim ក៏បានធ្លាប់បានរៀបចំការតាំងពិព័រណ៌ដ៏ធំមួយផងដែរ ជាមួយនឹងការដាក់តាំងស្មាដៃរបស់បុគ្គលល្បីឈ្មោះជាច្រើន ដូចជា Alberto Giacometti, Marc Chagall និង Mark Rothko ជាដើម។

ជាងនេះទៅទៀត យោងតាម China Morning Post បានបង្ហាញថា លោកស្រី Kim ក៏ជាស្ត្រីទីមួយ ដែលមាន Fan Club ផ្ទាល់ខ្លួន បន្ទាប់ពីប្រជាជនកូរ៉េ បាននាំគ្នាបង្កើតជាហ្គ្រុបអនឡាញមួយ ដែលមានឈ្មោះថា “Official fan site of Kim Keon-hee” កាលពីខែធ្នូឆ្នាំមុន និងមានសមាជិកជាង ៩៣ ០០០ នាក់។ ក្រៅពីនោះក៏មានហ្វេសបុកផេក ដែលមានឈ្មោះថា “Keon-hee sarang” ផងដែរ ដើម្បីចែកចាយរូបភាព ពីសម្មភាពជីវិតប្រចាំថ្ងៃរបស់លោកស្រី ទាំងនៅក្នុង និងក្រៅការិយាល័យប្រធានាធិបតី ៕