នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលរៀបចំធ្វើឡើងនៅទីក្រុងភ្នំពេញ ចិនបានចូលចរចាជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការពង្រីកតំបន់ពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីបង្កើនសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាប្រជែងជាមួយសហរដ្ឋអាមេរិកផងដែរ។

យោងតាមការចុះផ្សាយ ពីកាសែតរដ្ឋទីក្រុងប៉េកាំងបានអះអាងថា ពួកគេនឹងជួបជជែកជាមួយថ្នាក់ដឹកនាំអាស៊ានទាំងអស់ ដែលចូលរួមក្នុងកិច្ចប្រជុំនៅក្នុងសប្ដាហ៍នេះ ដើម្បីពន្លឿនការចរចាគម្រោងពាណិជ្ជកម្មខ្នាតធំដែលមានឈ្មោះថា Asean-China Free Trade Area “Version 3.0”។

គួររំលឹកដែរថា សមាជិកអាស៊ាន ១០ ប្រទេស មិនរាប់បញ្ចូលសមាជិកកូនពៅ ទីម័រខាងកើត មានប្រជាជនប្រមាណ ៦៨៥ លាននាក់ និងកំពុងវិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មសកលមួយ ខណៈទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ានបានកើនឡើងដល់ ៨៧៨,២ ពាន់លានដុល្លារ ត្រឹមរយៈពេល ៩ ខែតំបូងឆ្នាំនេះ។

ដោយឡែក បើតាមការចុះផ្សាយពី TheStar បានបង្ហើបថា មូលហេតុដែលចិនចង់ពង្រីកតំបន់ពាណិជ្ជកម្មជាមួយអាស៊ាន ដោយសារមួយរយៈចុងក្រោយនេះ អាមេរិកធ្វើទុក្ខបុកម្នេញខ្លាំងពេក ដូចជា តំឡើងពន្ធលើការនាំចេញនាំចូលទំនិញផ្នែកបច្ចេកវិទ្យាពីចិនទៅអាមេរិកជាដើម។

សូមជម្រាបដែរថា រយៈពេល ១២ ឆ្នាំមកនេះ ពាណិជ្ជកម្មរវាងចិន និងអាស៊ានបានកាត់បន្ថយពន្ធទំនិញនាំចេញនាំចូល ប្រមាណ ៩០% ឯណោះ៕