នាព្រឹកព្រហាមថ្ងៃទី ១២ វិច្ឆិកា ២០២២ នេះ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ចំពោះការមកដល់របស់ថ្នាក់ដឹកនាំប្រទេសជប៉ុន គេសង្កេតឃើញថា រថយន្តប្រើក្នុងក្បួនដំណើររបស់លោកសុទ្ធតែសេរីទំនើប ហើយក្នុងនោះមានមួយគ្រឿងជាប្រភេទរថយន្តការពារគ្រាប់ និងការបំផ្ទុះខ្នាតតូចទៀតផង។

Mercedes-Maybach S 650 Pullman Guard ត្រូវបានគេប្រទះឃើញ ប្រើប្រាស់ជាក្បួនដំណើររបស់នាយករដ្ឋមន្ត្រីជប៉ុន ខណៈរូបរាងរបស់រថយន្តនេះមានសភាពវែងជាងត្រកូល S-Class ទូទៅ ហើយសមត្ថភាពក៏មិនធម្មតាផងដែរ។


វាអាចទប់ទល់ជាមួយនឹងការវាយប្រហារផ្សេងៗដូចជា គ្រាប់កាំភ្លើង ការបំផ្ទុះខ្នាតតូច ហើយរចនាបថខាងក្នុងរថយន្តបំពាក់ជាមួយបច្ចេកវិទ្យាទំនើបៗជាច្រើន។

ដោយសារតែការរចនាបថពិសេស ប្លែកពីត្រកូល S-Class ទូទៅ រថយន្តប្រណីតមួយនេះមានតម្លៃប្រមាណ ២ ២៥៥ ០០០ ដុល្លារនៅអាមេរិក។ នេះបើតាមការចុះផ្សាយពី Autoevolution៕