កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ កំពុងធ្វើឡើងនៅទីក្រុងភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី ៣ ពីថ្ងៃទី ១០ ដល់ទី ១៣ វិច្ឆិកា ២០២២ ដោយមានការអញ្ជើញចូលរួមពីសមាជិកអាស៊ាន និងបណ្ដាមេដឹកនាំប្រទេសកំពូលៗជាច្រើន។

ក្នុងនោះ គេសង្កេតឃើញថា ក្នុងចំណោមថ្នាក់ដឹកនាំកំពូលៗទាំងអស់ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានសារនេះ មាន ២ រូប បានប្រើប្រាស់រថយន្តការពារគ្រាប់ជាក្បួនដំណើរគឺ ប្រធានាធិបតីអាមេរិក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ខណៈមេដឹកនាំទាំង ២ នេះសុទ្ធតែបានអញ្ជើញមកដល់ប្រទេសកម្ពុជាក្នុងថ្ងៃតែមួយគឺ ១២ វិច្ឆិកា ២០២២។


រថយន្តដែលត្រូវបានប្រើប្រាស់ដោយប្រធានាធិបតីអាមេរិក គឺជាប្រភេទ Cadillac Escalade ដែលត្រូវបានយកមកកែច្នៃ ទៅជារថយន្តពាសដែក និងត្រូវបានរដ្ឋាភិបាលដាក់ឈ្មោះថា The Beast ដោយសារបច្ចេកវិទ្យា និងសមត្ថភាពដ៏អស្ចារ្យរបស់រថយន្តមួយគ្រឿងនេះ។

ចំណែកឯ រថយន្តមួយគ្រឿងទៀតប្រើប្រាស់ជាយានជំនិះរបស់នាយករដ្ឋមន្ត្រីជប៉ុនគឺ Mercedes-Maybach S 650 Pullman Guard ជារថយន្តកំពូលប្រចាំត្រកូល S-Class និងផលិតឡើងយ៉ាងសម្រិតសម្រាំងសម្រាប់បុគ្គល VIP។

ដោយឡែក សម្រាប់តម្លៃរបស់រថយន្តទាំង ២ គ្រឿងនេះវិញគឺ Mercedes-Maybach S 650 Pullman Guard មានតម្លៃជាង ២ លានដុល្លារ ខណៈ The Beast គឺមានតម្លៃរហូតដល់ ១៥ លានដុល្លារ ដោយសារការកែច្នៃ និងបំពាក់បច្ចេកវិទ្យាទំនើបផ្សេងៗទៀត៕