ឥណ្ឌូនេស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ដូងប្រេង តម្លៃ ២,៦ ពាន់លានដុល្លារ ទៅឱ្យប្រទេសចិន

អន្តរជាតិ

ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ីចំនួន ៥ បានចុះហត្ថលេខាលើកិច្ចសន្យាលក់ផលិតផលដូងប្រេង ចំនួន ២,៥ លានតោន ក្នុងតម្លៃ ២,៦ ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុនទទួលទិញរបស់ប្រទេសចិនចំនួន ១៣ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញឱ្យដឹងថា កិច្ចព្រមព្រៀងមួយនេះ គឺធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី លោក Joko Widodo ទៅកាន់ប្រទេសចិន កាលពីខែកក្កដាកន្លងទៅ ខណ:ដែលប្រទេសចិន បានប្តេជ្ញាចិត្តថា នឹងបន្ថែមការនាំចូលប្រេងដូងឆៅរបស់ឥណ្ឌូនេស៊ី ១ លានតោន ។

ក្រសួងពាណិជ្ជកម្មបាននិយាយទៀតថា ប្រទេសឥណ្ឌូនេស៊ី បាននាំចេញផលិតផលដូងប្រេងចំនួន ៦,៦ លានតោន ទៅកាន់ប្រទេសចិន នៅក្នុងឆ្នាំ ២០២១ ។

រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក​ Zulkifli Hasan បាននិយាយថា ការនាំចេញទៅកាន់ប្រទេសចិន នឹងមិនរំខានដល់ការផ្គត់ផ្គង់ប្រេងចម្អិនអាហារក្នុងស្រុកនោះទេ ខណៈដែលរដ្ឋាភិបាលបានកំណត់ឱ្យក្រុមហ៊ុននាំចេញ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាមុនសិន ដើម្បីទទួលបានការអនុញ្ញាតក្នុងការនាំចេញទៅក្រៅប្រទេស។

ជម្រាបផងដែរថា ឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងកំពូលរបស់ពិភពលោក បានធ្វើការហាមឃាត់ការនាំចេញប្រេងដូងរយៈពេល ៣ សប្តាហ៍ ដោយចាប់ផ្តើមពីចុងខែមេសា ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងចម្អិនអាហារ ដែលនាំឱ្យមានបញ្ហាលើការស្តុកទុក។

ដោយឡែក រដ្ឋាភិបាលទីក្រុងហ្សាកាតា បានលើកលែងការយកពន្ធលើការនាំចេញប្រេងដូង ចាប់តាំងពីពាក់កណ្តាលខែកក្កដា ដើម្បីលើកទឹកចិត្តដល់ការនាំចេញ ប៉ុន្តែអាចនឹងណែនាំឱ្យមានការយកពន្ធឡើងវិញ ចាប់ពីពាក់កណ្តាលខែវិច្ឆិកាទៅ៕