លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) យល់ឃើញថា ស្ថានភាពសិទ្ធិមនុស្ស គឺជាក់ស្តែងមានការខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ដូច្នេះត្រូវមើលកត្តាសិទ្ធិមនុស្សនេះក្នុងន័យទូលាយ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងតំបន់អាស៊ានទាំងមូល លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានលើកឡើងដូច្នេះថា៖ “ស្ថានភាពជាក់ស្តែងគឺខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ សិទ្ធិមនុស្ស គឺជាសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងពលរដ្ឋ។ យើងត្រូវមើលសិទ្ធិមនុស្សក្នុងទស្សនៈទូលំទូលាយ”។

“អង្គការសហប្រជាជាតិមានកិច្ចព្រមព្រៀង សហប្រតិបត្តិការអាស៊ានស្តីពីសិទ្ធិមនុស្ស ហើយវានឹងមានពេលពីរសប្តាហ៍ទៀត ក្នុងការជួបប្រជុំជាមួយគណៈកម្មាធិការអាស៊ានស្តីពីសិទ្ធិមនុស្ស។ ដូចដែលខ្ញុំបានលើកឡើងកាលពីម្សិលមិញ វាជាការសំខាន់ដែលសិទ្ធិមនុស្ស ត្រូវបានគោរពយ៉ាងពេញលេញ”។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់បន្ថែម។

សូមជម្រាបជូនថា លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានអញ្ជើញធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០២:៤៥នាទីរសៀល ខណៈដែលលោកបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២ នៅវេលាម៉ោង ០៥:៣០នាទីល្ងាចក្នុងថ្ងៃដដែល។ តាមកម្មវិធីគ្រោងទុក លោកនៅមានជំនួបកិច្ចប្រជុំសំខាន់ៗជាមួយមេដឹកនាំបណ្តាប្រទេសមួយចំនួនទៀត មុននឹងលោកចាកចេញពីទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២៕