Cadillac The Beast គឺជារថយន្តរបស់ប្រធានាធិបតីអាមេរិក ហើយគ្រប់គ្នាចាប់ផ្ដើមចាប់អារម្មណ៍ជាមួយវាខ្លាំង តាំងពីសម័យលោក Donald Trump នៅកាន់តំណែងប្រធានាធិបតីកាលពីឆ្នាំ ២០១៨។

មូលហេតុដែលធ្វើឲ្យវាទទួលបានប្រជាប្រិយភាពបែបនេះ ដោយសាររូបរាងសាមញ្ញ ប៉ុន្តែគ្រឿងគ្រៅ រចនាបថខាងក្នុង និងបច្ចេកវិទ្យាដែលបំពាក់មកជាមួយវា ពិតជាមិនធម្មតានោះឡើយ។

បើតាមប្រភពសារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយ រថយន្តប្រភេទខាងលើអាចមានតម្លៃប្រមាណ ១,៥ លានដុល្លារ ប៉ុន្តែសម្រាប់ The Beast ដែលកែច្នៃទំនើបយ៉ាងហ្នឹង វាមានតម្លៃមិនក្រោម ១៥ លានដុល្លារនោះឡើយ។
ហើយថ្មីៗនេះ រថយន្តខាងលើបានលេចវត្តមាននៅប្រទេសកម្ពុជា ដោយសារប្រធានាធិបតី ចូ បៃឌិន ត្រូវមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នៅទីក្រុងភ្នំពេញ ហើយគេសង្កេតឃើញទៀតថា មានទង់ជាតិកម្ពុជា និងទង់ជាតិអាមេរិក អបសងខាងនៃមុខរថយន្តតម្លៃជាង ១៥ លានដុល្លារនេះទៀតផង។

សូមជម្រាបដែរថា លោក ចូ បៃឌិនបានអញ្ជើញមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី ១២ វិច្ឆិកា ២០២២ ហើយនៅរសៀលថ្ងៃទី ១៣ វិច្ឆិកា ២០២២ លោកនឹងធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ត្រៀមចូលរួមកិច្ចប្រជុំកំពូល G20៕