នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ មកដល់រាជធានីភ្នំពេញភ្លាម ក្បួនរថយន្តរបស់លោក បានធ្វើដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅសណ្ឋាគារលំដាប់ផ្កាយ៥ មួយកន្លែង គឺសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Le Royal) ដែលជាកន្លែងសម្រាកស្នាក់នៅ មុនអញ្ជើញទៅចូលរួមកិច្ចប្រជុំ នាពេលព្រលប់។
ដំណើរមកដល់របស់លោកប្រធានាធិបតីទី៤៦ របស់អាមេរិក បានធ្វើឱ្យកម្លាំងសមត្ថកិច្ចបិទចរាចរណ៍ទាំងស្រុង នៅលើកំណត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ តាំងពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ០៩:៣០នាទីព្រឹក ដើម្បីការពារសុវត្ថិភាព និងក្បួនធ្វើដំំណើររបស់លោក។
សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Le Royal) មានទីតាំងនៅរុក្ខវិថីលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាសណ្ឋាគារលំដាប់ប្រណិតផ្កាយ៥ ដែលបានកសាងឡើងនៅសម័យបារាំង ហើយសព្វថ្ងៃសណ្ឋាគារនេះ នៅតែរក្សារចនាបថដើមសឹងតែ១០០ភាគរយ។ សណ្ឋាគារនេះ បើកឱ្យដំណើរការនៅក្នុងឆ្នាំ១៩២៩ ក្រោមព្រះរាជាធិបតីព្រះបាទស៊ីសុវត្ថិ មុនីវង្ស ដែលមកដល់បច្ចុប្បន្ននេះ មានអាយុកាលជិត ១០០ឆ្នាំហើយ។
រ៉ាហ្វលឡឺរ៉ូយ៉ាល់ ជាសណ្ឋាគារ ដែលឥស្សរ:ជនល្បីៗនៅលើពិភពលោកជ្រើសជ្រើសរើស សម្រាប់ការស្នាក់នៅរាល់ពេលមកកម្ពុជា ដែលក្នុងនោះរួមមាន នៅឆ្នាំ១៩៣៦ តារាកំប្លែងជនជាតិអង់គ្លេស Charlie Chaplin (លោក សាកឡូ) និងលោកស្រី Paulette Goddard, អ្នកនិពន្ធរឿងជនជាតិអង់គ្លេសលោក William Somerset Maugham, នៅឆ្នាំ១៩៦៦ លោកប្រធានាធិបតីបារាំង ហ្សាល ដឺហ្គូល (Charles de Gaulle), នៅឆ្នាំ១៩៦៧ ស្ត្រីទី១អាមេរិកលោកស្រី Jacqueline Kennedy (ភរិយារបស់ប្រធានាធិបតីអាមេរិកលោក John F Kennedy), អ្នកនិពន្ធប្រលោមលោកល្បីឈ្មោះជនជាតិបារាំងលោក Andre Malraux និងលោកប្រធានធិបតីសហរដ្ឋអាមេរិកលោក ប៉ារ៉ាក់ អូប៉ាមា (មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ) នៅឆ្នាំ២០១២ ផងដែរ។
សូមជម្រាបជូនថា លោកប្រធានាធិបតី ចូ បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ នៅវេលាម៉ោង ៥:០០ល្ងាច ថ្ងៃទី១២ ខែវិច្ឆិកានេះ នៅសណ្ឋាគារ សុខា ភ្នំពេញ។ លោកនឹងស្នាក់នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Le Royal) រយៈពេលមួយយប់ ហើយនឹងមានជំនួបទ្វេរភាគីជាមួយមេដឹកនាំប្រទេសមួយចំនួន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា មុនពេលលោកចាកចេញពីទឹកដីកម្ពុជា នៅរសៀលថ្ងៃដដែល ដើម្បីបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ G-20 ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា បន្តទៀត៕