ថ្មីៗនេះ ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋីលោក Warren Buffett បានលក់ភាគហ៊ុន ដែលចុះបញ្ជីនៅក្នុងទីផ្សារហ៊ុនហុងកុង ចំនួនជិត ៦ លានហ៊ុន ដែលមាននៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD នៅក្នុងតម្លៃប្រមាណ ១៤៥,៣៨ លានដុល្លារ ។ នេះបើយោងតាមការចុះផ្សាយពី Asiafinancial ។
ការលក់លើកចុងក្រោយនេះផងដែរ បានកាត់បន្ថយចំនួនកាន់កាប់ភាគហ៊ុនរបស់ Berkshire នៅក្នុងផ្សារភាគហ៊ុន H-shares សរុបរបស់ BYD មកនៅត្រឹម ១៦,៦២% គិតត្រឹមថ្ងៃទី ៨ ខែវិច្ឆិកា ពីចំនួន ១៧,១៥% ។ នេះបើតាមឯកសារផ្លូវការមួយ ដែលបានផ្ញើទៅកាន់ផ្សារហ៊ុនហុងកុង នៅថ្ងៃសុក្រកន្លងទៅ។
គួរឱ្យដឹងផងដែរថា កាលក់រថយន្តអគ្គិសនីសរុបរបស់ក្រុមហ៊ុន BYD ក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ នេះ បានកើនឡើងដល់ជាងបួនដង ក្នុងចំនួន ៦៣៣ ៧៧៧ គ្រឿង និងបានធ្វើឱ្យពួកគេក្លាយជាក្រុមហ៊ុនផលិតរថយន្ត EV ដ៏ធំបំផុតរបស់ពិភពលោក ។
តែទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុនរបស់ BYD បានធ្លាក់ចុះជិត ១២% នៅពេលដែលមានការរំពឹងទុកជាច្រើនកាលពីខែកក្កដាថា មហាសេដ្ឋីអាមេរិក លោក Warren Buffett ដែលជាម្ចាស់ភាគដ៏ធំមួយនៅក្នុងក្រុមហ៊ុននេះ កំពុងស្វែងរកការលក់ ឬកាត់បន្ថយភាគហ៊ុនរបស់គាត់៕