រថយន្តម៉ាក Cadillac Escalade ឬមានឈ្មោះថា The Beast ដែលកំពុងត្រូវបានប្រើប្រាស់ដោយប្រធានាធិបតីអាមេរិក គឺបានកែច្នៃ និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន រហូតធ្វើឲ្យតម្លៃរថយន្តមួយគ្រឿងនេះកើនដល់ជាង ១៥ លានដុល្លារអាមេរិក។

ដោយសារសម្រិតសម្រាំងឡើងយ៉ាងពិសេស ដើម្បីធានាដល់សុវត្ថិភាពប្រធានាធិបតី ជាជាងល្បឿន និងការសន្សំសំចៃប្រេង The Beast មិនប្រើប្រាស់ម៉ាស៊ីនសាំងឡើយ ដោយសារវាប្រឈមនឹងហានិភ័យឆាបឆេះជាងម៉ាស៊ីនម៉ាស៊ូត។ នេះបើតាមការចុះផ្សាយពី Getjerry។

ប្រភពដដែលបន្ថែមទៀតថា ម៉ាស៊ីនដែលបានបំពាក់មកជាមួយ The Beast គឺជាប្រភេទម៉ាស៊ីនម៉ាស៊ូត Duramax ៦,៥ លីត្រ ពីក្រុមហ៊ុន GM ដែលតែងតែបំពាក់ម៉ាស៊ីនមួយនេះលើរថយន្តខ្នាតធំ។

សូមជម្រាបដែរថា The Beast បង្កើតឡើងតំបូងក្នុងឆ្នាំ ២០០៩ និងត្រូវបានប្រើប្រាស់ដោយអតីតប្រធានាធិបតី Barack Obama ហើយ ៩ ឆ្នាំក្រោយ កំពូលរថយន្តមួយនេះត្រូវបានគេយកមកច្នៃឲ្យកាន់តែទំនើបជាងមុន ហើយប្រធានាធិបតីដែលប្រើប្រាស់ម៉ូដែលចុងក្រោយតំបូងបំផុតគឺ ដូណាល់ ត្រាំ កាលពីឆ្នាំ ២០១៨៕