វត្តមានរបស់ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ ព្រុយណេដារូហ្សាឡឹម និងបុត្រា Abdul Mateen ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកលេងបណ្ដាញសង្គម ដោយសាររូបរាងដ៏សង្ហាររបស់ព្រះអង្គម្ចាស់នៃប្រទេសព្រុយណេ។

ឧកញ៉ាញ៉ូវស៍ ធ្លាប់បានចុះផ្សាយរួចម្ដងមកហើយពីប្រវត្តិរូបសង្ខេបខ្លះៗនៃការសិក្សារបស់ព្រះអង្គម្ចាស់ Mateen ប៉ុន្តែសម្រាប់អត្ថបទមួយនេះ យើងនឹងគាស់កកាយពីចំណង់ចំណូលចិត្តរបស់ទ្រង់បន្ថែមទៀត។

ព្រះអង្គម្ចាស់ Mateen គឺជាមនុស្សស្រលាញ់សត្វ ប៉ុន្តែអ្វីដែលទ្រង់មានខុសពីរាស្ត្រសាមញ្ញគឺ សត្វចិញ្ចឹមរបស់ទ្រង់គឺ សត្វខ្លា។ ទ្រង់មានសត្វចិញ្ចឹមជាច្រើនដូចជា កូនខ្លាស ឆ្មាព្រៃ និងកូនខ្លារខិនជាដើម។

ក្រៅពីមានសត្វចិញ្ចឹមប្លែកពីរាស្ត្រសាមញ្ញ ទ្រង់ក៏ធ្លាប់ចូលហ្វឹកហាត់នៅកងយោធានៅចក្រភពអង់គ្លេសរយៈពេល ៤៤ សប្ដាហ៍ និងជាអ្នកបើកយន្តហោះដ៏ស្ទាត់ជំនាញថែមទៀតផង ហើយជាញឹកញយទ្រង់តែងតែលេងកីឡា លោតឆ័ត្រយោង (Skydiving)។

ចំណូលចិត្តមួយទៀតរបស់ទ្រង់ គឺស្រលាញ់វិស័យកីឡា ហើយ Idol ក្នុងដួងចិត្តរបស់ទ្រង់គឺ អតីតកីឡាករបាល់ទាត់ David Beckham ប៉ុន្តែកីឡាដែលទ្រង់ឧស្សាហ៍លេងមិនមែនជាកីឡាបាល់ទាត់ឡើយ។

កីឡាដែលទ្រង់តែងតែកម្សាន្តមានដូចជា ជ្រមុជទឹកក្នុងបាតសមុទ្រ លោតឆ័ត្រយោង វាយកូនហ្គោល ជិះស្គី ជិះទូក កីឡាប្រដាល់ កីឡាវាយសី និងជិះសេះជាដើម ហើយទ្រង់ក៏ធ្លាប់ជាអត្តពលិកតំណាងប្រទេស ចូលប្រកួតនៅ Sea Games ទៀតផង៕