កាលពីថ្ងៃទី ១២ វិច្ឆិកាកន្លងទៅ ជំទាវទី ១ កូរ៉េខាងត្បូង លោកស្រី Kim Kun-hee បានចុះសួរសុខទុក្ខកុមារកម្ពុជាម្នាក់ ដែលកំពុងមានជំងឺប្រចាំកាយតាំងពីកំណើតដល់ផ្ទះ បន្ទាប់ពីលោកស្រីធ្វើដំណើរមកដល់ប្រទេសកម្ពុជាទើបតែបានមួយថ្ងៃ។

យោងតាមការចុះផ្សាយពី Yonhap បានឲ្យដឹងទៀតថា ក្មេងប្រុសដែលកំពុងមានជំងឺបេះដូងប្រហោង គឺមានវ័យ ១៤ ឆ្នាំ ហើយរូបគេមិនអាចបង្ហាញខ្លួននៅមន្ទីរពេទ្យ Hebron Medical Center នៅទីក្រុងភ្នំពេញបាននៅពេលដែលលោកជំទាវធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ ដោយសារសុខភាពមិនរឹងមាំ។

ដូច្នេះហើយ លោកជំទាវក៏សម្រេចចិត្តចុះសួរសុខទុក្ខកុមារាម្នាក់នេះដល់ផ្ទះរបស់គេតែម្ដង និងបានលើកទឹកចិត្តក្រុមគ្រួសាររបស់គេ កុំឲ្យចុះចាញ់ជាមួយជំងឺនេះជាដាច់ខាត។

សូមជម្រាបដែរថា ខាងការិយាល័យប្រធានាធិបតីបានអះអាងថា ឪពុករបស់ក្មេងប្រុសម្នាក់នេះបានស្លាប់ តាំងពីរូបគេមិនទាន់ចាប់កំណើត ខណៈជីដូន និងអ៊ំប្រុសរបស់ក្មេងគឺមិនមានសុខភាពមាំទាំប៉ុន្មានឡើយ ដូច្នេះបន្ទុកគ្រួសារទាំងមូលគឺ ជាទំនួលខុសត្រូវរបស់ម្ដាយក្មេងប្រុសអាយុ ១៤ ឆ្នាំ ដែលជាអ្នកអនាម័យស្ទើរទាំងស្រុង៕