អំឡុងស្នាក់នៅប្រទេសកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ព្រមទាំងមានកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅថ្ងៃទី១២ ខែវិច្ឆិកា ជាថ្ងៃដំបូងមកកម្ពុជា លោកបានបង្ហោះសារអមដោយរូបភាពយ៉ាងកម្រមួយលើបណ្តាញសង្គមធ្វីតធ័រ។ លោក បៃឌិន សរសេរយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកមានទំនាក់ទំនងពិសេសជាមួយអាស៊ាន។
លោកថ្លែងថា៖ ខ្ញុំនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីពង្រឹងការប្ដេជ្ញាចិត្តរបស់ពួកយើង ក្នុងការធ្វើការជាមួយគ្នាយ៉ាងស្អិតល្មួត ជាមួយ ASEAN ដែលមានឥទ្ធិពល។
សូមជម្រាបជូនថា ក្នុងដំណើរអញ្ចើញមករបស់ប្រធានាធិបតីអាមេរិក បៃដិន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ី-បូព៍ាលើកទី១៣ រវាងប្រទេសតំបន់អាស៊ាន ជាមួយនឹងប្រទេសចិន អាមេរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា និងណូវេលហ្សេឡង់ ដែលកម្ពុជាជាម្ចាស់ បានប្រព្រឹត្តទៅដោយរលូន។ រលូនក៏ព្រោះថា អាស៊ានដែលមានកម្ពុជាជាម្ចាស់ផ្ទះមិនបានលើករបៀបវារៈពីបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាកោះតៃវ៉ាន់ជាដើម។
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចប្រជុំកំពូលនាថ្ងៃនេះ កំពុងដើរតួជាវេទិកាសន្ទនា ក្នុងកម្រិតយុទ្ធសាស្រ្ដដ៏សំខាន់ នៅក្នុងចំណោមវេទិកាពហុភាគីធំៗ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីបូព៌ាទាំងមូល និងតំបន់ពាក់ព័ន្ធដទៃទៀត ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជាក់ស្តែងបញ្ហា និងភាពតានតឹងជាច្រើន ដែលសកល លោកកំពុងតែប្រឈម កំពុងបង្អាក់កិច្ចខិតខំប្រឹងប្រែងដ៏លំបាកកន្លង ក្នុងការជំរុញការអភិវឌ្ឍប្រកប ដោយចីរភាព និងបានបង្កទុក្ខលំបាកជាអនេក ដល់ការរស់នៅរបស់ប្រជាជន ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថានេះក៏ជាសារ ដាស់តឿនមួយ សម្រាប់ភាគីទាំងអស់ត្រូវរួបរួមគ្នាក្នុងការថែរក្សាផលប្រយោជន៍រួម ដើម្បីកសាង អនាគត ដ៏ត្រចះត្រចង់សម្រាប់អ្នកជំនាន់ក្រោយ និងត្រូវធានាឱ្យបានថា កិច្ចសហប្រតិបត្តិការរឹងមាំ ជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕