ដីមួយកន្លែងនៅក្នុងទីក្រុង Shenzhen ប្រទេសចិន ដែលត្រូវបានដឹងថាជាដីសម្រាប់ធ្វើជាទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុនអចនទ្រព្យខ្នាតយក្ស China Evergrande Group ថ្មីៗនេះ ត្រូវបានប្រកាសដាក់លក់ដេញថ្លៃ ចាប់ពី ១,០៦ ពាន់លានដុល្លារឡើងទៅ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ការដាក់ដេញថ្លៃលក់ដីទំហំ ១០ ០០០ ម៉ែត្រការ៉េនេះ ដើមឡើយក្រុមហ៊ុន មានបំណងប្រែក្លាយជាទីស្នាក់កណ្តាលថ្មី របស់ Evergrande ដែលនឹងចាប់ផ្តើមសាងសង់ឡើង នៅចន្លោះថ្ងៃទី ២១ និង ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ក្រោយផ្អាកការដ្ឋានសាងសង់ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២១ មក បន្ទាប់ពីក្រុមហ៊ុនត្រូវបង្ខំចិត្តផ្អាកគម្រោងជាច្រើន ដោយសារគ្មានលទ្ធភាព ទូទាត់សងបំណុលក្រុមហ៊ុនម៉ៅការ និងម្ចាស់បំណុលផ្សេងទៀតបាន ។
គួរឱ្យដឹងថា ទ្រព្យសកម្មជាច្រើនរបស់ Evergrande ក៏ត្រូវបានដាក់លក់ ឬផ្ទេរការគ្រប់គ្រងទៅឱ្យម្ចាស់បំណុល និងរដ្ឋាភិបាលក្នុងតំបន់ផងដែរ ខណៈដែលក្រុមហ៊ុនអភិវឌ្ឍមួយនេះ នៅតែស្ថិតក្រោមការជំពាក់បំណុលជាង ៣០០ ពាន់លានដុល្លារ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា Evergrande បានទិញដីមួយកន្លែងនេះ ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃ ៥,៦ ពាន់លានយ៉ន់។
ជម្រាបផងដែរថា ក្រុមហ៊ុន Evergrande បានផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួនពីទីក្រុង Guangzhou ទៅជួលការិយាល័យថ្មី នៅទីក្រុង Shenzhen ក្នុងឆ្នាំ ២០១៧ ប៉ុន្តែបានផ្លាស់មកកាន់ទីក្រុង Guangzhou វិញកាលពីចុងឆ្នាំមុន ចំពេលមានវិបត្តិបំណុល៕