កិច្ចប្រជុំកំពូល G20 លើកទី ១៧ ដែលកំពុងរៀបចំធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានក្លាយជាវេទិកាសម្រាប់ថ្នាក់ដឹកនាំមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង ២ គឺ អាមេរិក និងចិនជួបគ្នាផ្ទាល់ជាលើកដំបូង។

យោងតាមការចុះផ្សាយពី CNN បានឲ្យដឹងថា នៅរសៀលថ្ងៃទី ១៤ វិច្ឆិកានេះ ប្រធានាធិបតីអាមេរិក ចូ បៃឌិន និងប្រធានាធិបតីចិន ស៊ី ជិនពីង បានជួបគ្នាផ្ទាល់ និងចាប់ដៃគ្នាជាលើកដំបូង តាំងពីលោក បៃឌិន ឡើងកាន់អំណាចអស់រយៈពេល ២ ឆ្នាំ។

តាមរូបភាពដែលផ្ដល់ឲ្យដោយ CNN គេសង្កេតឃើញថា ថ្នាក់ដឹកនាំទាំង ២ បានញញឹមយ៉ាងស្រស់ទៅកាន់កាមេរ៉ា ដោយមិនពាក់ម៉ាសទាំង ២ រូប ខណៈគណៈប្រតិភូអមដំណើរប្រធានាធិបតីទាំងសងខាងពាក់ម៉ាសគ្រប់ៗគ្នា ហើយសម្រាប់ការជួបគ្នាលើកដំបូងនេះ លោក ស៊ី ជិនពីងបាននិយាយទៅកាន់ប្រធានាធិបតីអាមេរិកថា “រីករាយដែលបានជួបអ្នក”៕