រុស្ស៊ី៖ អ្នកកាសែតខាងលិច គួរតែព្យាយាមសរសេរអ្វីដែលជាការពិត

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចេញមុខ ស្ដីបន្ទោសសារព័ត៌មានលោកខាងលិច ជុំវិញការចុះផ្សាយ​ព័ត៌មានបំភ្លើសថា លោក​មាន​បញ្ហាសុខភាពធ្ងន់ធ្ងរ រហូត​ដល់ថ្នាក់​បញ្ជូន​ទៅមន្ទីរពេទ្យ​នៅ​កោះបាលី​ទៀត​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“​វា​គឺជា​រឿងប្រឌិត​ទាំងស្រុង ហើយ​ក្បាច់ក្បូរមួយ​នេះ​មិនមែន​ទើបតែ​កើតមាន​នៅ​លើ​ឆាកនយោបាយ​ទេ។ អ្នកកាសែត​លោកខាងលិច គួរតែ​ព្យាយាម​សរសេរ​អ្វី​ដែលជាការពិត​ ទើប​ជាការ​ប្រសើរជាង”។ នេះ​បើតាម​សម្ដី​របស់​លោក Lavrov បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន។

ដោយឡែក អភិបាលប្រចាំកោះបាលី I Wayan Koster ក៏បាន​ប្រាប់​ទៅកាន់ Reuters ដែរថា លោក Lavrov គ្រាន់តែ​បាន​ឆៀងចូល​មន្ទីរពេទ្យ Sanglah Hospital មួយភ្លែត​ប៉ុណ្ណោះ ដើម្បីពិនិត្យសុខភាព ប៉ុន្តែ​លទ្ធផល​បញ្ជាក់ថា លោក​មាន​សុខភាព​មាំទាំ​ធម្មតា។

សូមជម្រាបដែរថា រដ្ឋមន្ត្រីការបរទេស​ចាស់វស្សា​ខាងលើ​ថែម​ទាំងបាន​ថ្កោលទោស អ្នកសារព័ត៌មាន​លោកខាងលិច​ទៀតថា ពួកគេធ្លាប់​ទាំង​សរសេរ​ព័ត៌មាន​ប្រឌិត​ជាច្រើន​ដូចជា ប្រធានាធិបតីរុស្ស៊ី​មាន​បញ្ហា​សុខភាព ទាំងដែល​វា​មិនមែនជា​ការពិត៕