ឥណ្ឌូនេស៊ី ឆ្លៀតយកវេទិកា G20 ដើម្បីចាប់ដៃជាមួយក្រុមហ៊ុនចិន បង្កើតមូលនិធិឡានអគ្គិសនីតម្លៃ ២ ពាន់លានដុល្លារ

អន្តរជាតិ

អាជ្ញាធរវិនិយោគឥណ្ឌូនេស៊ី ថ្មីៗនេះ គ្រោងនឹងបង្កើតមូលនិធិ ដើម្បីផលិតរថយន្តអគ្គិសនី ដែលមានតម្លៃ ២ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនផលិតអាគុយរបស់ចិនចំនួន ២ គឺ CATL និង CMB International ។ នេះបើយោងតាមការចុះផ្សាយពី Asiafinancial ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសអំពីមូលនិធិនេះផងដែរ ត្រូវបានធ្វើឡើងដោយប្រធានអាជ្ញាធរវិនិយោគឥណ្ឌូនេស៊ី លោក Ridha Wirakusumah ដែលបានចុះហត្ថលេខាជាមួយនាយកប្រតិបត្តិរបស់ក្រុម CMB International និង CATL ក្នុងអំឡុងពេលធ្វើសន្និសីទមួយ នៅឯកិច្ចប្រជុំកំពូល G20 ដែលរៀបចំធ្វើឡើងនៅកោះបាលី ។

លោក Ridha បាននិយាយថា មូលនិធិនេះ នឹងចូលរួមយ៉ាងសំខាន់ ក្នុងការវិនិយោគ នៅក្នុងខ្សែសង្វាក់ផលិតកម្មរថយន្ត EV ដើម្បីចាប់យកទីផ្សារ ដែលរំពឹងថានឹងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៅទូទាំងពិភពលោក បន្ទាប់ពីប្រទេសជាច្រើន កំពុងប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការប្រើប្រាស់រថយន្ត ដែលដំណើរការដោយចំហេះប្រេងឥន្ធន: ។

មន្ត្រីរូបនេះ បានបន្ថែមទៀតថា ” ជាមួយនឹងក្រុមហ៊ុន CATL និង CMB International គឺជាដៃគូដ៏សំខាន់របស់យើង ហើយយើងក៏កំពុងស្វែងរកដៃគូផ្សេងទៀត ក្នុងការវិនិយោគ នៅក្នុងមូលនិធិរថយន្ត EV ដើម្បីប្រែក្លាយវាឱ្យជាខ្សែសង្វាក់ផលិតកម្មជាចម្បង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ” ។

គួរឱ្យដឹងថា ទីផ្សារ EV ផ្ទាល់របស់ឥណ្ឌូនេស៊ី កំពុងតែមានភាពកើនឡើង ជាមួយនឹងម៉ូតូអគ្គិសនីចំនួន ២,១ លានគ្រឿង និងរថយន្តអគ្គិសនីចំនួន ៤០០ ០០០ គ្រឿង ដែលរំពឹងថានឹងត្រូវដាក់លក់លើទីផ្សារ នៅត្រឹមឆ្នាំ ២០២៥។

លើសពីនេះ ប្រទេសឥណ្ឌូនេស៊ី មានបំណងចង់អភិវឌ្ឍ EV និងឧស្សាហកម្មអាគុយ ដោយខ្លួនឯង បន្ទាប់ពីបានធ្វើការហាមឃាត់ការនាំចេញរ៉ែនីកែល ដើម្បីធានាដល់ការផ្គត់ផ្គង់ សម្រាប់អ្នកវិនិយោគក្នុងស្រុក ចាប់តាំងពីឆ្នាំ ២០២០ មក ៕