នាយកដ្ឋានភស្តុភារទូទៅ នៃក្រសួងសន្តិសុខសាធារណ:ឡាវ ក្នុងពេលថ្មីៗនេះ បានយល់ព្រមចុះហត្ថលេខាលើឯកសារផ្តល់សិទ្ធិប្រើប្រាស់ដីរដ្ឋមួយកន្លែង ដែលមានចម្ងាយ ៦២ គីឡូម៉ែត្រ ពីរដ្ឋធានីវៀងច័ន្ទ ទៅឱ្យក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូង សម្រាប់ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ ដែលមានតម្លៃ ២,៩ ពាន់លានដុល្លារ ។
យោងតាមគេហទំព័រ Vientiane Times បានបង្ហាញឱ្យដឹងថា ផ្ទៃដីទំហំ ១២ ០០០ ហិកតា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសន្តិសុខសាធារណៈ នឹងត្រូវផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុន Oriental Pearl Company Limited របស់កូរ៉េខាងត្បូង សម្រាប់ប្រើប្រាស់ ក្នុងការសាងសង់គម្រោងនេះ។
ការអភិវឌ្ឍដំបូងរបស់គម្រោងនេះ នឹងពាក់ព័ន្ធជាមួយនឹងការសាងសង់ទីក្រុងថ្មី តំបន់ទេសចរណ៍ និងមជ្ឈមណ្ឌលសេវាកម្ម ជាដើម ហើយនៅពេលបញ្ចប់គម្រោង វាត្រូវបានគេរំពឹងទុកថានឹងអាចជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារយ៉ាងច្រើន សម្រាប់ប្រជាជនក្នុងតំបន់ ។
លើសពីនេះ បើតាមការគ្រោងទុក គម្រោងនេះនឹងក្លាយជាការជំរុញ ដល់គម្រោងវិនិយោគក្នុងស្រុក ដោយសហគ្រាសធុនតូច និងមធ្យម (SMEs) ជាពិសេសសម្រាប់អាជីវករនៅក្នុងស្រុក Phonhong។ ហើយនៅពេលវាទទួលបានជោគជ័យ នោះនឹងក្លាយជាគម្រោងដ៏ធំបំផុត សម្រាប់ប្រទេសកូរ៉េខាងត្បូង នៅឡាវ ៕