យោងតាមការចុះផ្សាយពី Live Mint បានរាយការណ៍ថា ប្រទេសឥណ្ឌា បានសន្សំទឹកប្រាក់ចំនួន ៤,២ ពាន់លានដុល្លារ ពីការចំណាយទៅលើប្រេងឥន្ធន: នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២២ នេះ តាមរយ:ការផលិតថាមពលពន្លឺព្រះអាទិត្យ និងថែមទាំងបានជួយកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មប្រមាណ ១៩,៤ លានតោន ផងដែរ ។
ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងផងដែរថា ឥណ្ឌា កំពុងស្ថិតនៅក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំទាំង ៥ ដែលមានកំណើនផលិតថាមពលពន្លឺព្រះអាទិត្យខ្ពស់បំផុត ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយនេះ រួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងវៀតណាម ។
ជាងនេះទៅទៀត តាមរយ:ការងាកមកផ្តោតលើការផលិតថាមពលស្អាតនេះ ប្រទេសអាស៊ីសំខាន់ៗចំនួនប្រាំពីរ រួមមាន ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង វៀតណាម ហ្វីលីពីន និងថៃ បានចៀសវាងការចំណាយលើឥន្ធនៈហ្វូស៊ីល ក្នុងចំនួនទឹកប្រាក់ប្រមាណ ៣៤ ពាន់លានដុល្លារ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ ដែលស្មើនឹង ៩% នៃការចំណាយលើតម្លៃប្រេងឥន្ធនៈហ្វូស៊ីលសរុប។
ទន្ទឹមនឹងនេះ ចិនត្រូវបានគេរាយការណ៍ថា ជាប្រទេសដែលមានការសន្សំប្រាក់បានច្រើនជាងគេ ពីការចំណាយលើប្រេងឥន្ធន: ដោយសារតែពួកគេបានផលិតថាមពលពន្លឺព្រះអាទិត្យ ដែលអាចបំពេញតម្រូវការ ៥% នៃតម្រូវការអគ្គិសនីសរុបរបស់ខ្លួន ហើយបានគេចចេញពីការនាំចូលធ្យូងថ្ម និងឧស្ម័នបន្ថែម ប្រហែល ២១ ពាន់លានដុល្លារ នៅក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ៕