កិច្ចប្រជុំកំពូល G20 លើកទី ១៧ ដែលកំពុងធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានក្លាយជាវេទិកាដ៏ក្ដៅគគុក សម្រាប់ដោះស្រាយបញ្ហាសកលដែលកំពុងកើតមានឡើងសព្វថ្ងៃ ជាពិសេសគឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនតែម្ដង។

យោងតាមការចុះផ្សាយពី Independent បានឲ្យដឹងថា មួយភាគធំនៃមេដឹកនាំ G20 ដែលកំពុងជំនុំគ្នានៅកោះបាលី បានបញ្ចេញមតិថ្កោលទោសយ៉ាងខ្លាំងចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ហើយក៏កំពុងរៀបចំចេញសេចក្ដីថ្លែងការណ៍ បញ្ជាក់ពីការប៉ះពាល់ដល់សេដ្ឋកិច្ចសកលដែលបង្កឡើងដោយសង្គ្រាមមួយនេះផងដែរ។

ប្រភពដដែលបន្ថែមទៀតថា យ៉ាងណានៅក្នុងសេចក្ដីថ្លែងការមួយនោះ ពួកគេគ្រាន់តែបញ្ជាក់ពី “សង្គ្រាមនៅអ៊ុយក្រែន” មិនមែនជា “សង្គ្រាមនៅរុស្ស៊ី ឬការឈ្លានពាន“ ឡើយ។
គួររំលឹកដែរថា កន្លងទៅក្រុម G20 បានប្រជុំគ្នារិះរកដំណោះស្រាយ និងបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែប្រទេសចិន និងឥណ្ឌាបានបដិសេធ ហើយការប្រជុំសារនេះ សមាជិកដទៃហាក់ព្យាយាមអូសទាញសម្ព័ន្ធមិត្តរុស្ស៊ីទាំង ២ ឲ្យរួបរួមដៃក្នុងការបញ្ឈប់សង្គ្រាមមួយនេះ៕