វេទិកា G20 លើកទី ១៧ ដែលកំពុងធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីពីថ្ងៃទី ១៥ ដល់ ១៦ វិច្ឆិកានេះ គឺបានក្លាយជាកន្លែងសម្រាប់ថ្នាក់ដាក់នាំមហាអំណាចសេដ្ឋកិច្ចពិភពលោក ជួបតទល់គ្នាជាលើកដំបូង ក្រោយវិបត្តិកូវីដ ១៩។

យោងតាមការចុះផ្សាយពី CNN បានឲ្យដឹងថា កិច្ចប្រជុំរវាងលោក ចូ បៃឌិន និងលោក ស៊ី ជិនពីងដែលធ្វើឡើងកាលពីថ្ងៃទី ១៤ គឺមានរយៈពេលដល់ទៅ ៣ ម៉ោង ហើយមេដឹកនាំទាំង ២ ជជែកគ្នាដោយបើកចំហរពីបញ្ហាដែលកំពុងកើតមានឡើង។
បញ្ហាតំបូងដែលត្រូវបានលើកមកជជែកគឺ អធិបតេយ្យភាពកោះតៃវ៉ាន់ដែលអាមេរិកធ្លាប់ឯកភាព ប៉ុន្តែប្រធានាធិបតីចិនបានព្រមានអាមេរិកនៅក្នុងកិច្ចប្រជុំនោះស្រេចថា កោះតៃវ៉ាន់ គឺជាខ្សែបន្ទាត់ក្រហមទីមួយ ដែលអាមេរិកមិនត្រូវបំពានជាដាច់ខាត។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលចិនក៏បានបន្ទោសអាមេរិកដែរថា ជាដើមចមនៃភាពតានតឹងរវាងចិន និងតៃវ៉ាន់សព្វថ្ងៃ ស្របពេលលោក ចូ បៃឌិន បង្ហើបថា រដ្ឋាភិបាលអាមេរិកនឹងគោរពតាមគោលនយោបាយ “One China” របស់ចិន។

បញ្ហាទី ២ ដែលអាមេរិកបានជជែកជាមួយចិន គឺការបន្តកិច្ចសហប្រតិបត្តិការណ៍ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ ការរក្សាលំនឹងហិរញ្ញវត្ថុសកល និងស្ថិរភាពផ្នែកវិស័យសុខភាព និងអាហារ ដែលចិនបានប្រកាសផ្អាកធ្វើការជាមួយអាមេរិក ក្រោយប្រធានសភាអាមេរិក Nancy Pelosi ធ្វើទស្សនកិច្ចទៅកោះតៃវ៉ាន់ បើទោះជាមានការហាមប្រាមពីចិនច្រើនសារ។
ចំពោះបញ្ហាខាងលើនេះ ភាគីខាងចិនមិនទាន់ផ្ដល់ចម្លើយភ្លាមៗឡើយ ខណៈរដ្ឋាភិបាលទាំង ២ សុទ្ធតែអះអាងថា នឹងបញ្ជូនមន្ត្រីពាក់ព័ន្ធសិក្សាបន្ថែមពីការបន្តកិច្ចសហប្រតិបត្តិការនេះ។

ចំណុចទី ៣ ដែលជាចំណុចធំបំផុតនៃកិច្ចប្រជុំគឺ មេដឹកនាំមហាអំណាចទាំង ២ សុទ្ធតែឯកភាពព្រមៗគ្នាថា អាវុធនុយក្លេអ៊ែរគឺមិនគួរប្រើប្រាស់ឡើយ ដ្បិតវានឹងបង្កផលប៉ះពាល់ដល់មនុស្សជាតិជាខ្លាំង។
ការលើកឡើងបែបនេះ គឺដោយសារមានលឺដំណឹងថា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ធ្លាប់បានគម្រាមថា នឹងបាញ់អាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងកាលៈទេសៈចាំបាច់ណាមួយ៕