មានសេចក្ដីរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានចាកចេញពីកោះបាលី ដែលជាទីតាំងកិច្ចប្រជុំកំពូល G20 លើកទី ១៧ កាលពីថ្ងៃពុធ មុនពេលកំណត់មួយថ្ងៃ។

យោងតាមការចុះផ្សាយពី The Print បានឲ្យដឹងថា អ្នកតំណាងប្រទេសរុស្ស៊ី បានឡើងយន្តហោះទៅមាតុភូមិវិញ ក្រោយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ចូលរួមកិច្ចប្រជុំតាមរយៈវីដេអូខល និងបានថ្កោលទោសចំពោះទង្វើរដ្ឋាភិបាលរុស្ស៊ី ធ្វើមកលើខ្លួនជាខ្លាំង។

យ៉ាងណា ម្ចាស់ផ្ទះឥណ្ឌូណេស៊ីពិតជាបានបញ្ជាក់ពីការចាកចេញរបស់លោក Lavrov ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ឬបង្ហើបទាក់ទងនឹងសេចក្ដីថ្លែងការណ៍របស់លោក Zelenskyy នោះឡើយ។

សូមជម្រាបដែរថា អំឡុងពេលចូលរួមប្រជុំតាមរយៈវីដេអូខលនោះ ប្រធានាធិបតីអ៊ុយក្រែនបានហៅកិច្ចប្រជុំនេះថា G19 ជំនួសដោយ G20 ក្នុងគោលបំណងចាត់ទុកថា រុស្ស៊ីមិនសក្ដិសមជាសមាជិកនៃក្រុមនេះឡើយ៕