នាថ្ងៃទី ១៦ វិច្ឆិកា ២០២២ នេះ ក្រុមមេដឹកនាំ G20 បានអនុម័តជារួមលើសេចក្ដីថ្លែងការណ៍ដែលបានថ្កោលទោសចំពោះសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី CNBCTV18។

“សមាជិកភាគច្រើន បានបង្ហាញការថ្កោលទោសយ៉ាងខ្លាំងចំពោះសង្គ្រាមនៅអ៊ុយក្រែន និងបានសង្កត់ធ្ងន់ថា នេះគឺជាដើមចមនៃការបង្កផលប៉ះពាល់ដល់មនុស្សជាតិ និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន”។ នេះបើតាមអត្ថន័យនៃសេចក្ដីថ្លែងការណ៍រួម។
បន្ថែមពីនោះ ក្រុមមេដឹកនាំ G20 បានបញ្ជាឲ្យរុស្ស៊ីគោរពតាមគោលការណ៍ដែលបានព្រមព្រៀងជាមួយអ៊ុយក្រែន ជុំវិញការប្រើប្រាស់ដែនសមុទ្រខ្មៅ ចំពោះការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិទៀតផង។

ពួកគេថែមទាំងបានសង្កត់ធ្ងន់ថា បើទោះជាក្នុងកាលៈទេសៈបែបណាក៏ដោយ អាវុធនុយក្លេអ៊ែរ គឺមិនត្រូវអនុញ្ញាតឲ្យប្រើប្រាស់ជាដាច់ខាត ហើយបើមានករណីនេះកើតឡើង ច្បាប់អន្តរជាតិនឹងត្រូវអនុវត្តជាបន្ទាន់៕