កូរ៉េខាងត្បូង ចាត់ទុកឥណ្ឌូនេស៊ី ជាទិសដៅវិនិយោគដ៏ធំបំផុតមួយរបស់ខ្លួន អំឡុងកិច្ចប្រជុំកំពូល G20

អន្តរជាតិ

ថ្មីៗនេះ សាធារណរដ្ឋកូរ៉េ បានលើកឡើងថា ឥណ្ឌូនេស៊ី បានក្លាយជាទិសដៅវិនិយោគដ៏ទាក់ទាញបំផុតមួយរបស់ខ្លួន នៅពេលដែលក្រុមអ្នកធុរកិច្ចកូរ៉េខាងត្បូងជាច្រើន បានជ្រើសរើសប្រទេសនៅតំបន់អាស៊ានមួយនេះ ជាដៃគូរកស៊ីជាយូរមកហើយ ក្នុងការធ្វើចម្រុះកម្មលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខ្សែសង្វាក់ផ្គត់ផ្គង់ និងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VietnamPlus ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងសហប្រតិបត្តិការជាច្រើន រវាងសហគ្រាសកូរ៉េខាងត្បូង និងភាគីឥណ្ឌូណេស៊ី កំពុងតែដំណើរការទៅមុខ ដូចជាគម្រោងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ទឹកស្អាត ខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែ និងការជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យឧស្សាហកម្មការពារជាតិជាដើម។

ទន្ទឹមនឹងនេះ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កោះបាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានជួបប្រជុំរយៈពេល ៩០ នាទីជាមួយពាណិជ្ជករកូរ៉េ ចំនួន ១១ នាក់ ដែលកំពុងវិនិយោគនៅប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានរៀបរាប់សង្ខេបអំពីផលលំបាកដែលសហគ្រាសកូរ៉េជួបប្រទះ ហើយបានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែង ក្នុងការបង្កើតឱកាសសម្រាប់ពួកគេ ដើម្បីធ្វើអាជីវកម្មទទួលបានភាពជោគជ័យ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

លើសពីនេះទៅទៀត ប្រទេសទាំងពីរ បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ដោយផ្អែកលើរចនាសម្ព័ន្ធឧស្សាហកម្មបំពេញបន្ថែម ក្នុងអំឡុងពេលកិច្ចប្រជុំរវាងប្រធានាធិបតីកូរ៉េខាងត្បូង និងភាគីឥណ្ឌូនេស៊ី។

ជម្រាបជូនផងដែរ នៅមុនបញ្ចប់កិច្ចប្រជុំទ្វេភាគី ប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សរុបចំនួន ១០ ដើម្បីជំរុញភាពជាដៃគូសេដ្ឋកិច្ច ក្នុងវិស័យជាច្រើនរួមទាំងសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថែមទៀតផង៕