ក្រោយការសម្រេចទិញបានក្រុមហ៊ុន Twitter មហាសេដ្ឋីមានបំផុតលើលោក Elon Musk ទទួលបានមតិរិះគន់ជាច្រើន ជុំវិញចចាមអារ៉ាមនៃការបញ្ឈប់បុគ្គលិកជាច្រើននាក់។
យ៉ាងណា យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា ម្ចាស់ក្រុមហ៊ុនថ្មី បានទុកពេល ២ ថ្ងៃឲ្យបុគ្គលិក Twitter សម្រេចចិត្តពីអនាគតការងាររបស់ពួកគេ និងត្រូវផ្ដល់ចម្លើយដល់ក្រុមហ៊ុនវិញនៅថ្ងៃព្រហស្បតិ៍ ម៉ោង ៥ រសៀលម៉ោងនៅអឺរ៉ុប (ប្រហែលម៉ោង ៥ ទាបភ្លឺ ថ្ងៃសុក្រ)។
ប្រភពដដែលបន្ថែមថា មេធំ Tesla បានចោទសួរបុគ្គលិក Twitter ថា តើពួកគេនឹងយល់ព្រមបន្តការងារជាមួយ Twitter ដែលនឹងអាចកែប្រែរូបរាងថ្មី ឬពួកគេអាចលាឈប់បានជាមួយការបើកប្រាក់ខែឲ្យ ៣ ខែ? បុគ្គលិកអាចផ្ដល់ចម្លើយមកក្រុមហ៊ុនវិញ ក្នុងរយៈពេល ២ ថ្ងៃ។
សូមជម្រាបដែរថា Elon Musk ធ្លាប់បានបង្ហើបថា លោកចង់បង្កើត Twitter 2.0 ហើយក្រុមហ៊ុនចាំបាច់ត្រូវរងសំពាធខ្លាំង ដើម្បីអាចសម្រេចរឿងមួយនេះ ខណៈបុគ្គលិកវិញគឺត្រូវតែអាចធ្វើការរយៈពេលយូរ និងមានប្រសិទ្ធភាពបំផុត ទើបលោកព្រមទទួលស្គាល់ជាបុគ្គលិកពេញសិទ្ធ៕