ប្រទេសថៃ កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC សម្រាប់ឆ្នាំ ២០២២ នេះ ដែលនឹងរៀបចំធ្វើឡើងនៅទីក្រុងបាងកក ថ្ងៃទី ១៩ វិច្ឆិកាខាងមុខ។

យ៉ាងណា បើទោះបីជាខំប្រឹងប្រែងខ្លាំងប៉ុណ្ណា មានសេចក្ដីរាយការណ៍ថា កិច្ចប្រជុំមួយនេះអាចនឹងមិនសូវទទួលបានលទ្ធផលជាដុំកំភួនឡើយ ដោយសារទទួលរងឥទ្ធិពលពីកិច្ចប្រជុំកំពូលដល់ទៅ ២ គឺ កិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងនៅកម្ពុជា និងកិច្ចប្រជុំកំពូល G20 ដែលធ្វើឡើងនៅឥណ្ឌូណេស៊ី ទើបនឹងបញ្ចប់ថ្មីថ្មោងនេះ។ នេះបើតាមការចុះផ្សាយពី CNA។
មូលហេតុដែល CNA សន្និដ្ឋានបែបនេះ ដោយសារអវត្តមានរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ដែលលោកបានចូលរួមកិច្ចប្រជុំអាស៊ាន និង G20 ប៉ុន្តែមិនមកចូលរួម APEC ស្របពេលប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ក៏មិនមកចូលរួមផ្ទាល់ បើទោះជារុស្ស៊ីជាសមាជិកពេញសិទ្ធក៏ដោយ និងបញ្ជូនអ្នកតំណាងឧបនាយករដ្ឋមន្ត្រីទីមួយ Andrei Belousov មកជំនួសវិញ។

យ៉ាងណា អ្នកវិទ្យាសាស្ត្រនយោបាយ Thitinan Pongsudhirak នាយកវិទ្យាស្ថានសន្តិសុខ និងការសិក្សាអន្តរជាតិ បានបង្ហើបថា APEC អាចនឹងមិនជោគជ័យខ្លាំងជាមួយនឹងការជជែកពីភូមិសាស្ត្រនយោបាយ ប៉ុន្តែបើនិយាយពីភូមិសាស្ត្រសេដ្ឋកិច្ច កិច្ចប្រជុំមួយនេះ នឹងផ្ដល់អត្ថប្រយោជន៍ខ្លាំង ជាពិសេសសម្រាប់វិស័យឯកជនតែម្ដង។
សូមជម្រាបដែរថា បើទោះជាអវត្តមានមេដឹកនាំសំខាន់ៗដូចជា ប្រធានាធិបតីអាមេរិក និងរុស្ស៊ី ប៉ុន្តែក៏នៅតែមានថ្នាក់ដឹកនាំកំពូលៗជាច្រើន នឹងចូលរួមអង្គប្រជុំមួយនេះដូចជា ប្រធានាធិបតីចិន ស៊ី ជិនពីង ប្រធានាធិបតីបារាំង Emmanuel Macron នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese ជាដើម។

គួររំលឹកបន្ថែមថា នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC ឆ្នាំនេះ បានទទូចសុំឲ្យប្រជាជនថៃ ជាពិសេសគណបក្សប្រឆាំង កុំបង្កភាពចលាចលអំឡុងពេលព្រឹត្តិការណ៍មួយនេះផងដែរ៕