កាលពីពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនកូរ៉េខាងត្បូង នឹងចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត វិនិយោគលើវិស័យជាច្រើន ដែលមានតម្លៃរហូតដល់ទៅ ៣០ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Reuters។
ការប្រកាសជាផ្លូវការ អាចនឹងលេចជារូបរាង នៅពេលដែលព្រះអង្គម្ចាស់ Mohammed Bin Salman រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើដំណើរទស្សនកិច្ចទៅកាន់មហាអំណាចសេដ្ឋកិច្ចធំបំផុតទី ៤ នៅអាស៊ី។
ដោយឡែក ក្រុមហ៊ុនកូរ៉េខាងត្បូងដែលមាននៅក្នុងផែនការដ៏សំបើមនេះមានដូចជា Samsung S&T Corp និង POSCO Holdings Inc បានចុះកិច្ចព្រមព្រៀងច្រើនជាង ២០ ជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ចំពោះគម្រោងវិនិយោគលើវិស័យជាច្រើនដូចជា កិច្ចសហប្រតិបត្តិការថាមពល ផ្លូវដែក គីមី ឱសថ និងហ្គេម។
បន្ថែមពីនោះក្រុមហ៊ុន Korea Electric Power Corp និងក្រុមហ៊ុន ៤ ផ្សេងទៀត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់ និងដំណើរការរោងចក្រផលិតអ៊ីដ្រូសែន និងអាម៉ូញាក់នៅក្នុងប្រទេសមួយនេះ៕