កាលពីថ្ងៃពុធ ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនរុករកធ្យូងថ្មឥណ្ឌូនេស៊ី PT Indika Energy និងក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ កំពុងពិចារណានាំយកក្រុមហ៊ុនរបស់ប្រទេសថៃ មកធ្វើជាដៃគូទី ៣ របស់ខ្លួន សម្រាប់ការវិនិយោគលើការផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Asiafinancial ។
លោក Arsjad Rasjid ប្រធានក្រុមហ៊ុន Indika បានបដិសេធសុំមិនបញ្ចេញឈ្មោះក្រុមហ៊ុនរបស់ប្រទេសថៃ ដែលនឹងត្រូវមកធ្វើជាដៃគូរកស៊ីជាមួយខ្លួននោះឡើយ ដោយសារតែការចរចានៅតែកំពុងបន្តដំណើរការ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ផងដែរថា ក្រុមហ៊ុនធំៗទាំងបី នឹងចាប់ដៃគ្នាវិនិយោគទៅលើការផលិតអាគុយ EV ឬរថយន្ត EV ។
អំឡុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីពេលកន្លងទៅ លោក Arsjad បាននិយាយក្នុងបទសម្ភាសមួយ តាមរយ:វីដេអូខលថា ” យើងបានដឹងយ៉ាងច្បាស់ហើយថា ទីតាំងដ៏រឹងមាំបំផុតក្នុងការផលិតរថយន្តអគ្គិសនី ក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី និងថៃ ” ។
រំលឹកផងដែរថា កាលពីខែកញ្ញា ក្រុមហ៊ុន Indika និង Foxconn បានចាប់ផ្តើមបណ្តាក់ទុនរួមគ្នា ក្នុងទំហំទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនី អាគុយ និងទីតាំងផ្ទុកថាមពល នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
លើសពីនេះ លោក Arsjad បាននិយាយបន្ថែមទៀតថា ការបណ្តាក់ទុននេះ ទំនងជាផ្តោតលើការផលិតរថយន្តក្រុងអគ្គិសនី ក្នុងដំណាក់កាលផលិតដំបូង ហើយក្រោយមកអាចនឹងផ្លាស់ប្តូរទៅជារថយន្តដឹកទំនិញអគ្គិសនីវិញ។
សូមបញ្ជាក់ផងដែរថា Foxconn ដែលជាក្រុមហ៊ុនផលិត iPhone ដ៏ធំបំផុតរបស់ Apple ក៏មានការបណ្តាក់ទុនរួមគ្នា ក្នុងទំហំទឹកប្រាក់ ១ ពាន់លានដុល្លារជាមួយក្រុមថាមពលរដ្ឋថៃ PTT ដើម្បីផលិតអាគុយ EV ផងដែរ៕