ថ្មីៗនេះ អាជ្ញាធរចិន បានអំពាវនាវដល់ទាហានចូលនិវត្តន៍ និងបុគ្គលិករដ្ឋាភិបាលចូលនិវត្តន៍ផ្សេងទៀត ជួយធ្វើការនៅក្នុងរោងចក្រផលិតទូរស័ព្ទ iPhone របស់ Foxconn ដែលកំពុងទទួលរងគ្រោះដោយសារជំងឺកូវីដ-១៩ ។ នេះបើយោងតាមការចុះផ្សាយពី Reuters ។
បើតាមទីភ្នាក់ងារព័ត៌មានផ្លូវការ Shanghai Securities News បានរាយការណ៍បន្ថែមទៀតថា ប្រធានរដ្ឋាភិបាល ក្នុងតំបន់ បានជំរុញឱ្យបុគ្គលិកដែលចូលនិវត្តន៍ទាំងនោះ ជួយដោះស្រាយបញ្ហារបស់ក្រុមហ៊ុន Foxconn ដែលខ្វះខាតបុគ្គលិក បន្ទាប់ពីកម្មករក្នុងរោងចក្រជាច្រើនមិនអាចធ្វើការបាន ក្រោយត្រូវបង្ខំដាក់ឱ្យនៅដាច់ដោយឡែកពីគេ ។
រោងចក្រ Foxconn ដែលផលិត iPhone ដ៏ធំបំផុតរបស់ពិភពលោក បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារវិធានការណ៍ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យក្រុមហ៊ុន ត្រូវបិទទ្វារធ្វើការ ខណ:កក្តានេះ បានធ្វើឱ្យកម្មករជាច្រើន ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីរោងចក្រ ដើម្បីវិលត្រលប់ទៅស្រុកកំណើតវិញ ។
ជុំវិញបញ្ហានេះហើយ ទើបអាជ្ញាធរក្នុងទីក្រុងដូចជា Jiyuan និង Kaifeng មានការអំពាវនាវដល់បុគ្គលិករដ្ឋដែលចូលនិវត្តន៍ ឱ្យចូលទៅធ្វើការក្នុងរោងចក្រ ដើម្បីអាចទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការទទួលបានប្រាក់ខែរដ្ឋពេញលេញ បូករួមប្រាក់ឈ្នួល និងប្រាក់រង្វាន់ពីរោងចក្របន្ថែមទៀតផង ។
សូមជម្រាបជូនផងដែរថា កាលពីដើមខែនេះ ក្រុមហ៊ុន Foxconn បានបង្កើនប្រាក់រង្វាន់ដល់ទៅបួនដង សម្រាប់កម្មករណាដែលបន្តស្នាក់នៅក្នុងរោងចក្រ ហើយក៏បានចាប់ផ្តើមដំណើរការជ្រើសរើសបុគ្គលិកថ្មី ដែលអាចទទួលបានប្រាក់ខែច្រើនជាងប្រាក់ខែធម្មតាផងដែរ ៕