លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងវិនិយោគ និងជាប្រធានក្រុមប្រឹក្សាសម្របសម្រួលការវិនិយោគឥណ្ឌូនេស៊ី បាននិយាយថា ប្រទេសរបស់លោក អាចទទួលបានទឹកប្រាក់វិនិយោគថ្មីៗប្រហែល ៨ ពាន់លានដុល្លារ ពីព្រឹត្តិការណ៍បន្តបន្ទាប់ នៃកិច្ចប្រជុំកំពូល G20 នៅក្នុងឆ្នាំ ២០២២ នេះ។

តែទោះជាយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយពី VietnamPlus បានបង្ហាញថា ចំនួនទឹកប្រាក់នៃការវិនិយោគនេះ អាចនឹងបន្តកើនឡើងបន្ថែមទៀត ដោយសារតែកិច្ចព្រមព្រៀងមួយចំនួន នៅមិនទាន់ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅឡើយទេ ។
ដោយថ្លែងនៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃទី ១៧ ខែវិច្ឆកានេះ លោក Bahlil បាននិយាយថា ” កិច្ចព្រមព្រៀងវិនិយោគ ដែលត្រូវបានចុះហត្ថលេខាមានចំនួនប្រហែល ៧ ទៅ ៨ ពាន់លានដុល្លារ ប៉ុន្តែក៏នៅមានកិច្ចព្រមព្រៀងផ្សេងទៀត ដែលមានតម្លៃប្រហែល ១០ ពាន់លានដុល្លារ នៅមិនទាន់បានចុះហត្ថលេខាជាផ្លូវការនៅឡើយ ” ។

រដ្ឋមន្ត្រីក្រសួងវិនិយោគរូបនេះ បានបង្ហាញឱ្យដឹងទៀតថា កិច្ចសន្យាវិនិយោគ ដែលប្រទេសឥណ្ឌូនេស៊ីទទួលបាន ក្នុងអំឡុងកិច្ចប្រជុំ G20 នៅកោះបាលី គឺភាគច្រើនទទួលបានពីសារធារណរដ្ឋកូរ៉េ ចិន និងប្រទេសមួយចំនួនទៀត នៅអឺរ៉ុប ខណ:ព័ត៌មានលម្អិតអំពីការវិនិយោគទាំងនោះ នឹងត្រូវបានប្រកាសនៅពេលក្រោយ។
កន្លងមក លោក Bahlil បានបង្ហើបប្រាប់ថា ក្នុងអំឡុងដំណើរការកិច្ចប្រជុំកំពូល G20 នៅកោះបាលី លោកបានជួបប្រជុំទ្វេភាគីជាមួយប្រទេសមួយចំនួន ក៏ដូចជាក្រុមហ៊ុនធំៗ នៅក្នុងវិស័យផ្សេងៗផងដែរ ៕