ថៃ អនុម័តទិដ្ឋាការថ្មី សម្រាប់ជនបរទេស ដែលចង់មកព្យាបាលជំងឺក្នុងប្រទេសខ្លួន

អន្តរជាតិ

កាលពីថ្ងៃទី ១៥ ខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលថៃ បានធ្វើការអនុម័តសំណើរបស់ក្រសួងសុខាភិបាលសាធារណ: ក្នុងការបញ្ចេញទិដ្ឋាការថ្មី សម្រាប់ជនបរទេសចូលមកប្រទេសខ្លួន ដើម្បីមកព្យាបាលជំងឺ។ នេះបើយោងតាមការចុះផ្សាយពី VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Tipanan Sirichana បានបង្ហាញឱ្យដឹងថា ទិដ្ឋាការប្រភេទថ្មីនេះ ត្រូវបានគ្រោងទុកជាបណ្តោះអាសន្ន នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ស្របពេលទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការដាក់ឱ្យដំណើរការជាផ្លូវការ ។

សម្រាប់ទិដ្ឋាការថ្មីនេះ នឹងអនុញ្ញាតឱ្យជនបរទេស អាចចូលនិងចេញ បានច្រើនដង និងមានសុពលភាពរយ:ពេលមួយឆ្នាំ។ ហើយអ្នកដែលកាន់ទិដ្ឋាការនេះ គឺអាចស្នាក់នៅក្នុងប្រទេសថៃ បានរយ:ពេលរហូតដល់ ៩០ ថ្ងៃ ខណ:មនុស្សបីនាក់ ដែលជាសមាជិកគ្រួសារកាន់ទិដ្ឋាការប្រភេទនេះ ក៏ត្រូវបានអនុញ្ញាត ក្នុងលក្ខខណ្ឌដូចគ្នានេះផងដែរ ។

លោកស្រី Tipanan បាននិយាយទៀតថា សម្រាប់ការអនុម័តឱ្យមានការប្រើប្រាស់ទិដ្ឋាការប្រភេទថ្មីនេះ គឺដើម្បីពង្រឹងជំហររបស់ប្រទេសថៃ ក្នុងនាមជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តធំបំផុតមួយ នៅក្នុងតំបន់ ។

ជម្រាបជូនផងដែរថា បច្ចុប្បន្នថៃ អនុញ្ញាតឱ្យអ្នកទេសចរ អាចមកព្យាបាលសុខភាព ប្រសិនបើពួកគេស្នើសុំទិដ្ឋាការទេសរចណ៍ ឬទិដ្ឋាការមិនមែនអន្តោប្រវេសន៍។ តែវាក៏មានករណីលើកលែង សម្រាប់ភ្ញៀវទេសចរ មកពីប្រទេសចំនួនប្រាំមួយ នៅក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដូចជា បារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ក៏ដូចជាប្រទេសនៅក្នុងតំបន់មួយចំនួនទៀត ដូចជាចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ៕