ជប៉ុន និងថៃ ចុះហត្ថលេខាលើផែនការភាពជាដៃគូសេដ្ឋកិច្ចថ្មី អំឡុងកិច្ចប្រជុំនៅទីក្រុងបាងកក

អន្តរជាតិ

កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ប្រទេសជប៉ុន និងថៃ បានអនុម័តលើផែនការភាពជាដៃគូសេដ្ឋកិច្ចថ្មីមួយ ដោយរាប់ចាប់ពីពាណិជ្ជកម្មឌីជីថល E-commerce រហូតដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែមានភាពស៊ីជម្រៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញថា កិច្ចព្រមព្រៀងមួយ ដែលមានឈ្មោះថា “ផែនការសកម្មភាពរួម រយ:ពេលប្រាំពីរឆ្នាំស្តីពីភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្រ្តជប៉ុន-ថៃ” ត្រូវបានចុះហត្ថលេខារវាងរដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayshi ក្នុងអំឡុងកិច្ចប្រជុំមួយ នៅទីក្រុងបាងកក ។

យោងតាមឯកសារផ្លូវការ បានឱ្យដឹងទៀតថា រដ្ឋាភិបាលប្រទេសទាំងពីរ បានផ្តោតយ៉ាងសំខាន់ទៅលើភាពជាដៃគូថ្មី ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើឡើង ចំពោះបញ្ហាប្រឈមរួម ក៏ដូចជាផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ រួមទាំងបញ្ហាថាមពល សន្តិសុខស្បៀងអាហារ និងផលរំខានចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ។

នៅក្នុងផែនការនេះផងដែរ ក៏នាំឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យអាវកាស វិទ្យាសាស្រ្ត បច្ចេកវិទ្យា បរិស្ថាន ថាមពលស្អាត រួមទាំងការថែទាំងសុខភាព ការអភិវឌ្ឍឧស្សាហកម្មវេជ្ជសាស្ត្រ ទីក្រុងឆ្លាតវៃ និងទេសចរណ៍ប្រកបដោយគុណភាព។

ជាងនេះទៅទៀត ភាគីទាំងពីរបានប្តេជ្ញារួមគ្នាបង្កើតទំនាក់ទំនងសេដ្ឋកិច្ចក្នុងរូបភាពជា “ដៃគូស្មើភាពគ្នា” ដោយរៀបចំផែនការថ្មី សម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅពេលអនាគតដ៏រឹងមាំ និងនិរន្តរភាព។

ក្នុងកិច្ចប្រជុំទ្វេភាគីនោះផងដែរ ក្រសួងការបរទេសជប៉ុនលោក Hayashi បានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសថៃ លោក Don ថា ប្រទេសជប៉ុននឹងបង្កើនការអភិវឌ្ឍបន្ថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសថៃ។

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុនជប៉ុនប្រហែល ៦ ០០០ កំពុងធ្វើប្រតិបត្តិការ នៅក្នុងប្រទេសថៃ ដែលនាំឱ្យការវិនិយោគផ្ទាល់ពីបរទេសរបស់ថៃ ពីប្រទេសជប៉ុន មានចំនួនមួយភាគបីនៃ FDI សរុបរបស់ប្រទេសនៅតំបន់អាស៊ានមួយនេះ ៕