បន្ទាប់ពីទិញយកភាគហ៊ុន Twitter កាលពីពេលថ្មីៗកន្លងទៅ មហាសេដ្ឋី អ៊ីលុន ម៉ាស់ សម្រេចអនុញ្ញាតឱ្យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រើប្រាស់ឡើងវិញ។
សារព័ត៌មានបរទេសជាច្រើន បានរាយការណ៍ថា ការបើកឱ្យលោក ត្រាំ ប្រើប្រាស់ឡើងវិញ បន្ទាប់ពីលោក អ៊ីលុន ម៉ាស់ រៀបចំការស្ទង់មតិមួយដែលបង្ហាញថាមានការគាំទ្រភាគច្រើនចំពោះ សម្រេចចិត្តនេះពីអ្នកលេង Twitter ១៤.៨លាននាក់បានចូលរួម ហើយលទ្ធផលដែលត្រូវបានប្រកាស៤០នាទី មុនបិទបញ្ចប់ការបោះឆ្នោត បានបង្ហាញថាអត្រាអ្នកគាំទ្រឱ្យលោក ត្រាំ ប្រើប្រាស់គណនី Twitter របស់លោកឡើងវិញ មានចំនួន ៥១.៨ភាគរយ។
យ៉ាងណា ការសម្រេចចិត្តពីមហាសេដ្ឋី អ៊ីលុន ម៉ាស់ ត្រូវបានលោក ត្រាំ បដិសេធដោយនិយាយថា លោកមិនចាប់អារម្មណ៍ត្រឡប់មកប្រើ Twitter វិញនោះទេ ដោយបញ្ជាក់ថាលោកពេញចិត្តលេងបណ្ដាញទំនាក់ទំនងសង្គម Truth Social ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់លោក គឺ Trump Media & Technology Group ពីព្រោះវាមានភាពល្អប្រសើរជាង Twitter។
គួររម្លឹកថា គណនី Twitter របស់លោក ត្រាំ ត្រូវបានបិទ កាលពីដើមឆ្នាំ២០២១ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានញុះញង់ ឱ្យអ្នកគាំទ្ររូបលោកវាយប្រហារលើវិមាន Capitol កាលពីថ្ងៃទី៦ ខែមករាឆ្នាំ២០២១ ដើម្បីរារាំងការប្រកាសជ័យជម្នះរបស់លោក ចូ បៃដិន។
ការសម្រេចចិត្តបើកគណនី Twitter លោក ត្រាំឡើងវិញពីលោក អ៊ីលុន ម៉ាស់ ស្របពេលអតីតប្រធានាធិបតីអាមេរិករូបនេះប្រកាសចូលរួមក្នុង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៤ខាងមុខ៕