ព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលកំពុងរៀបចំធ្វើឡើងនៅប្រទេសកាតា គឺបានរំលេចភាពអស្ចារ្យដូចរាល់ដង ប៉ុន្តែអ្វីដែលប្លែកគឺឆ្នាំនេះ កាតាបានរៀបចំនាវាខ្នាតយក្ស ជាសណ្ឋាគារបណ្ដែតទឹកតំបូងសម្រាប់ព្រឹត្តិការណ៍ពិភពលោកមួយនេះ។

យោងតាមការចុះផ្សាយពី Thepeninsulaqatar បានបង្ហាញថា នាវារបស់ក្រុមហ៊ុន MSC World Europa ចំនួន ៣ នឹងធ្វើការចតនៅកំពង់ផែ Old Doha Port ដើម្បីធ្វើជាសណ្ឋាគារសម្រាប់ភ្ញៀវដែលនឹងចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោកនៅកាតា រហូតដល់ចប់កម្មវិធី។


ប្រភពដដែលបន្ថែមថា នាវាតំបូងដែលបានមកដល់ទីក្រុង Doha គឺអាចផ្ទុកមនុស្សបាន ៦ ៧០០ នាក់ មានបន្ទប់ស្នាក់នៅ ២ ៦២៦ បន្ទប់ ផ្សារទំនើប និងមានកន្លែងទូលាយសម្រាប់ភ្ញៀវលំហែកាយដល់ទៅ ៤០ ០០០ ម៉ែត្រការ៉េ។

ដោយឡែក Inews វិញ បានរាយការណ៍បន្ថែមថា នាវាធំបំផុតរបស់ MSC គឺមានតម្លៃជាង ១ ពាន់លានដុល្លារ សម្រាប់ការសាងសង់ ខណៈតម្លៃស្នាក់នៅអំឡុងពេលនេះវិញ គឺចាប់ពីជាង ៣០០ ដុល្លារ/យប់៕