ស្ថាបនិកក្រុមហ៊ុន Theranos ដែលធ្លាប់សន្យានឹងផលិតឧបករណ៍វាស់សម្ពាធឈាន ដែលមានតម្លៃធូរថ្លៃ និងរហ័ស ត្រូវបានតុលាការទីក្រុង San Jose សម្រេចដាក់ទោសជាប់ពន្ធនាគាររហូតដល់ ១១ ឆ្នាំ ក្រោយល្មើសច្បាប់ពីករណីឆបោក។
យោងតាមការចុះផ្យាយពី Globalvillagespace បានបន្ថែមថា Elizabeth Holmes ដែលធ្លាប់ទទួលងារជាមហាសេដ្ឋី ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តអំពើឆបោកចំនួន ៣ ករណី ហើយក្នុងនោះនាងបានទាំងបោកប្រាស់ទំនុកចិត្តវិនិយោគិនជាច្រើនរូប សម្រាប់ការបណ្ដាក់ទុនលើក្រុមហ៊ុននាងផងដែរ។
ក្រៅពីទោសទណ្ឌជាប់ពន្ធនាគារជាង ១០ ឆ្នាំ តុលាការក៏បានបញ្ជាឲ្យ Elizabeth ត្រូវបង់ប្រាក់ពិន័យទៅកាន់ក្រុមវិនិយោគិនវិញ ប្រមាណ ៤០០ លានដុល្លារថែមទៀតផង។
គួររំលឹកដែរថា ក្រុមហ៊ុន Theranos ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ ប៉ុន្តែទើបនឹងល្បីនៅឆ្នាំ ២០១៥ ដែលគ្រានោះមូលធនទីផ្សាររបស់ពួកគេកើនដល់ ៩ ពាន់លានដុល្លារ ហើយក៏បានជួយឲ្យស្ថាបនិករូបនេះ ជាប់ឈ្មោះជាមហាសេដ្ឋីស្រីក្មេងបំផុតលើលោកជាមួយនឹងទ្រព្យសម្បត្តិ ៤,៥ ពាន់លានដុល្លារ។
ប៉ុន្តែទទួលងារជាមហាសេដ្ឋីមិនបានប៉ុន្មានផង រឿងអាស្រូវទាក់ទងនឹង Theranos បានផ្ទុះឡើងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០១៨ ក្រុមហ៊ុនត្រូវបង្ខំចិត្តបិទទ្វារតែម្ដង៕