យោងតាមទិន្នន័យទទួលបានពីគយចិន បានបង្ហាញថា ការនាំចេញរបស់ចិន ទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើង ៤៦,៣% នៅក្នុងខែតុលា បើធៀបនឹងរយ:ពេលដូចគ្នា កាលពីខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ទិន្នន័យខាងលើបានបង្ហាញឱ្យដឹងទៀតថា នៅក្នុងខែតុលា ការនាំចេញរបស់ប្រទេសចិន ទៅកាន់កូរ៉េខាងជើង បានកើនឡើង ២,៥ ដង ច្រើនជាងឆ្នាំមុន ដោយគិតជាទឹកប្រាក់សរុបប្រមាណ ១៣២,៤៣ លានដុល្លារ ខណ:ទំនិញនាំចេញសំខាន់ៗមានដូចជា អង្ករ ថង់ប្លាស្ទិក ស្ករ សម្ភារ:វាយនភណ្ឌ និងថ្នាំជក់ ជាដើម ។
ជម្រាបជូនផងដែរថា ការនាំចេញអង្កររបស់ចិន ទៅកាន់កូរ៉េខាងត្បូង នៅខែមុន មានចំនួនសរុប ១៦ ៤៥០ តោន ដែលមានតម្លៃ ៧,៣ លានដុល្លារ ខណ:ស្ករសនាំចេញជិត ៤ ពាន់តោន ក្នុងតម្លៃ ៤,៥ លានដុល្លារ ។

ទន្ទឹមនឹងនេះផងដែរ កូរ៉េខាងជើងបាននាំចូលស្រោមដៃពេទ្យ ចំនួន ១,៤៧ លានគូ ក្នុងខែតុលា បើធៀបនឹងចំនួន ៤០០ ០០០ គូក្នុងខែកញ្ញា ស្របពេលការនាំចូលទំនិញការពារជំងឺកូវីដ-១៩ ផ្សេងទៀត ដូចជាម៉ាស់ និងទែម៉ូម៉ែត្រវាស់កម្តៅ បានធ្លាក់ចុះ៕