កាលពីជំនួបរវាងប្រធានាធិបតីអាមេរិក ចូ បៃឌិន ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅកិច្ចប្រជុំកំពូល G20 លើកទី ១៧ ដែលបានធ្វើឡើងនៅឥណ្ឌូណេស៊ី មេដឹកនាំទាំង ២ បានចរចាគ្នាឡើងវិញ ជុំវិញការបន្តកិច្ចសហប្រតិបត្តិការដែលបានផ្អាកអស់រយៈពេលរាប់ខែ តាំងពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ របស់ប្រធានសភា Nancy Pelosi។
ថ្មីៗនេះ បេសកជនអាមេរិក John Kerry បានស្នើសុំឲ្យភាគីខាងចិនជួយពន្លឿនក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឡើងវិញ ជាពិសេសលើបញ្ហាកាត់បន្ថយការបំភាយផ្សែងពុលទៅកាន់បរិយាកាស។ នេះបើតាមការចុះផ្សាយពី CNA។
“បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហារបស់មនុស្សគ្រប់គ្នាលើពិភពលោក មិនមែនជាបញ្ហាបុគ្គលទេ។ អាមេរិក និងចិន គួរតែពន្លឿនកិច្ចសហប្រតិបត្តិការជុំវិញរឿងមួយនេះ មិនមែនដើម្បីខ្លួនយើងឡើយ តែដើម្បីមនុស្សជំនាន់ក្រោយៗទៀត”។ នេះបើតាមសម្ដីរបស់លោក Kerry បានលើកឡើង។
សូមជម្រាបដែរថា កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងចិនសម្រាប់ដំណោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ គឺពិតជាមានសារៈសំខាន់បំផុត ដោយសារប្រទេសទាំង ២ នេះ គឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកនាពេលបច្ចុប្បន្ន៕